ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

សាធារណរដ្ឋកុងហ្គោឈ្នះកៅអី World Cup លើកដំបូងក្នុងរយៈពេល ៥២ ឆ្នាំ

2026/04/01 07:44:36 pm        222
ក្រុមបាល់ទាត់ជម្រើសជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដណ្តើមបានកៅអី World Cup ជាលើកដំបូង ក្នុងរយៈពេល ៥២ ឆ្នាំក្រោយយកឈ្នះក្រុមហ្សាម៉ាអ៊ិក ១-០ នៅម៉ោងបន្ថែមកាត់សេចក្តីនៃវគ្គ Play-Off អន្តរទ្វីប។អតីតកីឡាករយុវជនអាយុក្រោម ២១​ ឆ្នាំអង់គ្លេស Axel Tuanzebe ជាអ្នករកបានគ្រាប់បាល់ជ័យជំនះនៅម៉ោងបន្ថែម ១៥ នាទីកាត់សេចក្តិ នៅនាទីទី ១០០ តែត្រូវរង់ចាំការពិនិត្យឡើងវិញដោយ VAR មុនពេលអាជ្ញាកណ្តាលសម្រេចផ្តល់គ្រាប់បាល់ឱ្យ។ គ្រាប់បាល់របស់អតីតកីឡាករ Manchester United រូបនេះ បាននាំក្រុមកុងហ្គោឈ្នះកៅអី World Cup លើកទីពីរប៉ុណ្ណោះក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងតាំងពីឆ្នាំ ១៩៧៤ នៅពេលកុងហ្គោនៅពេលនោះហៅថាប្រទេស Zaire។ កុងហ្គោបានក្លាយជាប្រទេសមកពីអាហ្វ្រិកទី ១០ ដែលបង្ហាញខ្លួននៅ World Cup 2026 នេះបន្ទាប់ពី សេណេហ្កាល់ អេហ្ស៊ីប អាហ្វ្រិកខាងត្បូង ទុយនីស៊ី អាល់ហ្សេរី ហ្កាណា កាប់វែ កូដឌីវ័រ និង ម៉ារ៉ុក។ កុងហ្គោនឹងត្រូវលេងនៅពូល K នៅ World Cup ជាមួយព័រទុយហ្កាល់ អ៊ូសប៊ែគីស្ថាន និងកូឡុំប៊ី៕ អត្ថបទ៖នាង សុភាវុធ

ក្រសួងទេសចរណ៍ ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាចំនួន២ អបអរខួបលើកទី៩ នៃ​ការ​ចុះ​បញ្ជី​ប្រសា​ទ​សំបូរ​ព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

2026/04/01 06:02:31 pm        233
ក្រសួងទេសចរណ៍ ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដ៏មានសក្ដានុពលចំនួន ២ នាដើមខែ​កក្កដា​ខាង​មុខ ​នៅខេត្តកំពង់ធំ គឺកម្មវិធីជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅប្រាសាទសំបូរព្រៃគុក ដើម្បី​អប​អរ​សាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦)។នេះបើតាម​ប្រសាសន៍ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ពិនិត្យលទ្ធភាព ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ជាមួយរដ្ឋបាល​ខេត្ត​កំពង់​ធំ ​នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ហាន កុសល អភិបាលរ​ងខេត្ត និងតំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម វ៉ាហេង ដាវុធ បានគូសបញ្ជាក់ថា ការផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ ស្របតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដើម្បីបំផុសសកម្មភាពកីឡា និងជំរុញការធ្វើពិពិធកម្មទេសចរណ៍កីឡា សម្រាប់បម្រើឲ្យប្រយោជន៍រួមដល់សង្គមជាតិ តាមរយៈព្រឹត្តិការណ៍នីមួយៗ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច បរិស្ថាន និងលើកកម្ពស់សុខភាពសាធារណៈជាដើម។ជាក់ស្ដែងការបំផុសព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅប្រាសាទសំបូរព្រៃគុក គឺជាសកម្មភាពថ្មីមួយៗ ដែលក្រសួងបានជំរុញ ឆ្ពោះទៅរកការរៀបចំឲ្យបានកាន់តែអធិកអធម ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាការរួមចំណែកអភិរក្ស និងលើកតម្កើងមោទនភាពជាតិ ដើម្បីរឹលឹក និងអបអរសាទរចំពោះតម្លៃជាសកលដ៏វិសេសវិសាល នៃប្រាសាទសំបូរព្រៃគុក ដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ក៏ដូចជាបំផុសស្មារតីកូនខ្មែរឲ្យចូលរួមថែរក្សាកេរដំណែលដូនតា។ជាមួយគ្នាឯកឧត្តម ហាន កុសល ក្នុងនាមអាជ្ញាធរម្ចាស់ផ្ទះ បានសម្ដែងក្ដីរីករាយ និងគាំទ្រ ចំពោះគំនិតផ្ដួចរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះឡើង ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្ដានុពល នៃតំបន់ប្រាសាទសំបូរព្រៃគុក ឲ្យមានការទាក់ទាញពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ហើយឯកឧត្តមសង្ឃឹមថា តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ក្រោយបញ្ចប់នឹងបន្សល់នូវសមិទ្ធផលយូរអង្វែង សម្រាប់ជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសង្គមជាតិ។គួរដឹងថា ជាជំហានដំបូង ក្នុងកិច្ចប្រជុំពិភាក្សារវាងមន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ គ្រោងនឹងរៀបចំនាថ្ងៃទី៥ ខែកក្កដា ដោយកម្មវិធីជិះកង់ នឹងត្រូវចេញដំណើរពីទីរួមខេត្តកំពង់ធំ ឆ្ពោះទៅប្រាសាទសំបូរព្រៃគុក ដែលគ្រោងមានអ្នកចូលរួមយ៉ាងហោច ១ពាន់នាក់ និងកម្មវិធីរត់ នឹងរៀបចំជាក់ស្ដែងនៅបរិវេណតំបន់ប្រាសាទសំបូរព្រៃគុកតែម្ដង។ ក្រៅពីនេះ ក្រសួងទេសចរណ៍ ក៏នឹងជំរុញឲ្យមានកម្មវិធីអមផ្សេងៗ ដើម្បីបង្កភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាព រវាងអ្នកចូលរួមទាំងអស់ផងដែរ៕ អត្ថបទ លី ឈុនឡា

ឯកឧត្តម យី វាសនា៖ ឆ្នាំ២០២៦ កីឡាប៉ារ៉ាឡាំពិកកម្ពុជានឹងមានការប្រកួតក្នុងស្រុក និង​ក្រៅ​ស្រុក​​ជា​ច្រើន

2026/04/01 04:28:31 pm        328
នៅឆ្នាំ២០២៦ អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា នឹងមានការប្រកួតជាច្រើន ទាំងក្នុងស្រុក និង​ក្រៅ​ស្រុក ​ពិសេសការត្រៀមសម្រាប់ការប្រកួតអាស៊ីប៉ារ៉ាហ្គេមនៅប្រទេសជប៉ុន។នេះជា​ការ​លើកឡើងរបស់ឯកឧត្តម យី វាសនា អគ្គ​លេ​ខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​ប៉ារ៉ា​ឡាំពិក​កម្ពុជា​ ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម យី វាសនា បានមានប្រសាសន៍ថា ឆ្នាំ២០២៦នេះ កម្ពុជា នឹងចូល​រួម​ការ​ប្រកួត​ជើង​ឯក​បាល់​បោះ​ជនពិការ ហើយសម្រាប់ខ្នាតជាតិ មានរៀបចំការប្រកួតកីឡាជាតិជនពិការលើកទី៣ និង​រៀបចំ ត្រៀមការប្រកួតកីឡាអាស៊ីរ៉ាប៉ារ៉ាហ្គេម នៅប្រទេសជប៉ុននាពេលខាងមុខនេះ។ឯកឧត្តម អគ្គលេខាធិការ បន្តដែរថា ឆ្នាំនេះដែរ ប៉ារ៉ាឡាំពិកកម្ពុជា ក៏នឹង​ត្រៀម​លក្ខណៈ​វិនិយោគ​ទៅ​លើ​ជម្រើសជាតិប៉ារ៉ាឡាំពិក ឆ្ពោះទៅចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម ២០២៧​នៅ​ប្រទេស​ម៉ាឡេស៊ី​។សូមជម្រាបជូនថាសន្និបាតរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះ ទទួល​បាន​ការ​អញ្ជើញ​ចូល​រួមជាអធិបតីភាពពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា ហើយឯកឧត្តម​ក៏​បាន​ផ្ដល់អ​នុសាសន៍​មួយ​ចំនួន​ក្នុង​ន័យ​លើក​កម្ពស់ ​និងជំរុញ​ឱ្យកីឡាប៉ារ៉ាឡាំពិកកម្ពុជាកាន់ខ្លាំងលើឆាកអន្តរជាតិ៕

សំបុត្រ៤០០០សន្លឹកដំបូងត្រូវបានលក់អស់ ខណៈមួយសប្ដាហ៍ទៀតការប្រកួតចូលមកដល់

2026/04/01 04:01:04 pm        367
ការប្រកួតប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ នៅសល់មួយសប្ដាហ៍ទៀតប៉ុណ្ណោះ នឹងចូលមកដល់ហើយ។ ពេលនេះ​សំបុត្រ​ចូល​ទស្សនា៤០០០សន្លឹកដំបូងត្រូវបានលក់អស់។ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ខ្លួនថា សំបុត្រ៤០០០សន្លឹកបានលក់អស់ហើយ បន្ទាប់ពីក្លឹបបាន​ប្រកាស​លក់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មកនេះ។ ជើងឯករងពានរង្វាន់លំដាប់ទី៣ទ្វីបអាស៊ី ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារ​ពហុកីឡដ្ឋាន​មរតក​តេជោ ទទួលក្លឹបបាល់ទាត់ហ្វីលីពីន ម៉ានីឡា ឌីហ្គហ្គើរ (Manila Diggers FC) ថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២៦ វេលាម៉ោង ៧និង០០នាទីយប់។ ព្រះខ័នរាជស្វាយរៀងឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកទីពីរនេះ ក្រោយ​ឈ្នះ​ក្លឹប​រួម​លីគ ​ភ្នំពេញក្រោន ៤ទល់នឹង១ ជើងទី១ និង២ទល់នឹង១ ជើងទី២។ ចំណែក ម៉ានីឡា ឌីហ្គហ្គើរ បានយកឈ្នះក្លឹបឥណ្ឌូណេស៊ី ដេវ៉ា យូណៃធីត (Dewa United) ១ទល់​នឹង​០​ជើង​ទី១​ និងស្មើគ្នា ២ទល់២ ជើងទី២។ជើងទី២ ក្លឹបព្រះខ័នរាជស្វាយរៀង ធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បី​ប្រកួត​កាត់​សេចក្ដី​ថ្ងៃ​ទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

កីឡាករ កីឡាការិនីជិត២០០នាក់ចូលរួមព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃជើងឯក ENEOS ២០២៦

2026/03/31 11:22:06 pm        300
នៅចុងសប្ដាហ៍កន្លងទៅនេះ កីឡាករ កីឡាការិនី ១៨៥នាក់ បាន​ចូល​រួម​ប្រកួត​ប្រជែង​លើ​១១​វិញ្ញាសា​នៃ​ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្តើមជើងឯក ENEOS ឆ្នាំ២០២៦ ហើយ​ព្រម​ទាំង​បាន​បង្ហាញ​ពី​គុណភាពបច្ចេកទេសប្រកួតប្រជែងដ៏ខ្លាំងក្លាជាងមុនទៀតផង។លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្តើមជើងឯក ENEOS ឆ្នាំ២០២៦ លើក​ឡើង​ថា នេះជាថ្ងៃប្រកួតដ៏ធំប្រចាំឆ្នាំនេះ ដែលមានកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ​ចូល​រួម​សរុប​ ១៨៥នាក់ ក្នុងនោះមានកីឡាករមកពី៩ប្រទេស ដោយបែងចែក​ជា​១១​វិញ្ញាសា​តាម​កម្រិត​អាយុ និងClass នីមួយៗ។លោកបន្តថា ថ្វីដ្បិតតែឆ្នាំនេះមានការឧបត្ថម្ភតិចតួចក៏ពិតមែន ប៉ុន្តែគុណភាពនៃការរៀបចំ ការ​គាំទ្រ​របស់​កីឡាករ កីឡាការិនី និងមហាជនគឺពិតជាអស្ចារ្យ ដោយសារ​តែ​ការ​ចូល​រួម​ប្រកួត​ច្រើន​រហូត​ដល់​ជិត ២០០នាក់។ Class C1 កំពុងបោះជំហានរីក​ដុះដាល​ផ្នែក​បច្ចេក​ទេសគួ​រ​ឱ្យ​កត់​សម្គាល់​ បើទោះបីជានេះជាកម្រិតClass ដំបូងក៏ពិតមែន តែការចូលរួម​ក្នុង​វិញ្ញាសា​នេះ​មាន​កីឡាករ​ចូល​រួមរហូតដល់ ៤០នាក់ ខណៈអ្នករៀបចំ​កំពុង​ជំរុ​ញ​លើ​កម្រិត​ធនធាន​ថ្នាល​នេះ​ឱ្យ​មាន​សន្ទុះ​គុណភាពកាន់តែល្អ។ ជាមួយគ្នានេះ កីឡាករបរទេសមកពីអង់គ្លេស និងកីឡាករជ័យលាភីតាម Class នីមួយ​ៗ​បាន​បង្ហាញ​ក្តី​រីករាយ ក្នុងការចូលរួមប្រកួតប្រជែងដ៏ស្វិតស្វាយ ដែលសុទ្ធ​សឹង​តែ​មាន​ការ​ចូល​រួម​ពី​កីឡាករ​លំដាប់​ខ្លាំងៗតែម្តង៕

អូឡាំពិកអន្តរជាតិ (IOC) ចេញគោលនយោបាយថ្មីហាមអត្តពលិកដូរភេទប្រកួតលើវិញ្ញាសាស្ត្រី

2026/03/31 10:38:15 pm        384
(អូឡាំពិក)៖ គណៈកម្មាធិការអូឡាំពិអន្តរជាតិ (IOC) ថ្មីៗនេះបានចេញគោលនយោបាយថ្មីមួយដែលហាមអត្តពលិកស្ត្រីដូរភេទ ពីការប្រកួតវិញ្ញាសានារីក្នុងព្រឹត្តការណ៍អូឡាំពិក ពោលចាប់ពីអូឡាំពិក Los Angeles ២០២៨តែម្ដង។លោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានបញ្ជាក់ថា គោលនយោបាយថ្មីនេះ មានគោលបំណងចំពោះអ្វីដែលលោកស្រីហៅថា ការការពារនៃការប្រកួតប្រភេទវិញ្ញានារី មិនថាប្រកួតជាឯកត្តជន រឺក្រុមនោះទេ។ឥឡូវនេះ អត្តពលិកគ្រប់រូបដែលសង្ឃឹមថាបានប្រកួតវិញ្ញាសានារី ចាប់ពីការប្រកួតអូឡាំពិក២០២៨នៅទីក្រុង Los Angeles តទៅនឹងត្រូវធ្វើតេស្ដហ្សែនម្ដងមួយ (one-time genetic screening) ដើម្បីរកមើលហ្សែន SRY(អេស អ វ៉ាយ) ( ដែលជាតំបន់កំណត់ភេទលើក្រូម៉ូសូម Y) ដោយធ្វើតេស្តទឹកមាត់ និងឈាម។តាមពិតទៅការធ្វើតេស្តរកហ្សែន SRY ធ្វើឡើងលើកដំបូងដោយ IOC នៅឆ្នាំ១៩៩២ ហើយបានបោះបង់ចោលវិញមិនដល់ប្រាំក្រោយមក បន្ទាប់ពីមានសម្ពាធជាចម្រើនពីអត្តពលិក ក្រុមតស៊ូមតិ (សិទ្ធមនុស្ស) និង អង្គការផ្នែកវិជ្ជសាស្ត្រជាច្រើន។គោននយោបាយថ្មីនេះត្រូវបានគេមើកឃើញថាធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើឯកសារយុទ្ធនាការ មិនមានបុរសប្រកួតក្នុងកីឡាវិញ្ញាសានារី នៅខែកុម្ភៈ ឆ្នាំ២០២៥ ហើយបាននិយាយថាលោកមិនអនុញ្ញាតឱ្យអត្តពលិកដូរភេទប្រកួតនៅអូឡាំពិក Los Angeles ២០២៨នោះទេ៕

Marco Bezzecchi ឈ្នះការប្រណាំង MotoGP នៅអាមេរិក និងជាជ័យជំនះទាំងបីទីលានរដូវកាលថ្មី

2026/03/30 09:51:23 pm        142
កីឡាករប្រណាំងម៉ូតូអ៊ីតាលី Marco Bezzecchi បានប្រជែងឈ្នះការប្រណាំង MotoGP នៅសហរដ្ឋអាមេរិក បន្តជោគជ័យឥតខ្ចោះ ឈ្នះទាំងបីទីលានរដូវកាលថ្មីនេះ។កីឡាកររបស់ក្រុម Aprilia រូបនេះបានយកឈ្នះពីរទីលានដំបូងរួចមកហើយ ខណៈការប្រណាំងនៅទីក្រុង Austin រដ្ឋតិចសាសនេះ Bezzecchi បាននាំមុខតាំងពីពេលចេញដំណើរ និងរក្សាការនាំមុខរបស់ខ្លួនរហូតដល់ទីបញ្ចប់គ្មានអ្នកណាតាមទាន់។ ដោយឈ្នះពីរទីលានចុងក្រោយរដូវកាលមុនដែរនោះ Marco Bezzecchi នៅពេលនេះឈ្នះ ៥ ទីលាន MotoGP ជាប់គ្នា និងជាប់កំណត់ត្រា MotoGP ផងដែរសម្រាប់ការនាំមុខច្រើនជុំបំផុតរួមបញ្ចូលគ្នា ១២១ ជុំ បំបែកកំណត់ត្រារបស់ Jorge Lorenzo ដែលធ្វើបាននៅឆ្នាំ ២០១៥ ត្រឹម ១០៣ ជុំ។ មិត្តរួមក្រុមរបស់ Bezzecchi កីឡាករអេស្ប៉ាញ Jorge Martin ដែលឈ្នះការប្រណាំង Sprint កាលពីថ្ងៃសៅរ៍ ទទួលបានចំណាត់ថ្នាក់លេខពីរនៅការប្រណាំង Grand Prix នេះ ខណៈលេខបីបានទៅ Pedro Acosta ហើយអ្នកការពារជើងឯក Marc Marquez បានត្រឹមលេខ ៥។ ជាមួយនឹងជ័យជំនះជាប់គ្នាបីទីលាន Marco Bezzecchi នៅពេលនេះនាំមុខគេក្នុងតារាងជើងឯកមានសរុប ៨១ ពិន្ទុ តាមពីក្រោយ ៤ ពិន្ទុដោយ Jorge Martin។ ជុំបន្ត MotoGP នឹងធ្វើដំណើរទៅទីលាន Jerez ប្រទេសអេស្ប៉ាញចុងខែមេសានេះ៕ អត្ថបទ៖នាង សុភាវុធ

ប្រដាល់សកលផ្ដោតជម្រើសជាតិកាន់តែខ្លាំង ក្រោយបន្ដភាពជោគជ័យក្នុងការប្រកួត​លក្ខណៈអាជីព​ខែទី២

2026/03/30 08:14:07 pm        249
ដោយមើលឃើញពីសន្ទុះនៃការគាំទ្រ និងភាពទាក់ទាញក្នុងការប្រកួតខែទី២ នៃព្រឹត្តិការណ៍កីឡាប្រដាល់សកលអាជីព Dragon the Golden Ring សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្ដេជ្ញានឹងបន្ដរៀបចឲ្យកាន់តែល្អ ពិសេសផ្ដោតការចាប់គូកីឡាករ-កីឡាការិនីជម្រើសជាតិ ទល់នឹងកីឡាករបរទេសកាន់តែច្រើន ដើម្បីបង្កើនភាពទាក់ទាញផង និងដុសខាតសមត្ថភាពពួកគេត្រៀមការប្រកួតអន្ដរជាតិផង។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធ ក្រោយបញ្ចប់ការប្រកួតកីឡាប្រដាល់សកលអាជីពខែទី២ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីចុងសប្ដាហ៍កន្លងទៅ។ ការណ៍នេះ សម្រាប់ការប្រកួតខែទី៣ នាចុងខែមេសាខាងមុខ សហព័ន្ធនឹងសម្រិតសម្រាំងគូប្រកួតកាន់តែជក់ចិត្ត ពិសេសគូជម្រើសជាតិប៉ះបរទេស ទាំងបុរស និងនារីតែម្ដង។ឯកឧត្តមបន្ដថា សម្រាប់ការប្រកួតប្រចាំខែមីនានេះ រាងប្លែកត្រង់សហព័ន្ធបានបញ្ជូនការប្រកួតមិត្តភាពអន្ដរជាតិកីឡាការិនី ក៏ដូចជាការប្រកួតគូឯក រវាងកីឡាករកម្ពុជា ប៉ះកម្ពុជា ដើម្បីប្រជែងកៅអីជម្រើសជាតិ ហើយជាលទ្ធផល គឺកីឡាករ ហ៊ុន គីមហ៊ាង បានក្លាយជាកីឡាករជម្រើសជាតិឆ្នាំ២០២៦ ក្រោយយកឈ្នះកីឡាករ ខឿន សីហា ត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ នៅត្រឹមទឹកទី៣។ទន្ទឹមជាមួយភាពជោគជ័យក្នុងការប្រកួតខែទី២ នេះ សហព័ន្ធនឹងបន្ដខិតខំប្រឹងប្រែងរៀបចំឲ្យកាន់តែល្អប្រសើរ ដើម្បីទាក់ទាញការគាំទ្រកាន់តែច្រើន ទាំងអ្នកមកទស្សនាផ្ទាល់ និងតាមបណ្ដាញសង្គម ពិសេសការផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីជម្រើសជាតិចូលរួមប្រកួតកម្រិតអាជីពឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិ ដូចជាកីឡាអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងកីឡាក្នុងសាលអាស៊ីជាដើម។គួរដឹងថា ក្នុងចំណោមការប្រកួតប្រដាល់សកលអាជីព ប្រចាំខែមីនានេះ ក្រៅពីគូឯក ហ៊ុន គីមហ៊ាង ឈ្នះ ខឿន សីហា ក៏មានគូមិត្តភាពអន្ដរជាតិ ៣គូ រួមមានកីឡាករ វណ្ណា លីហៀង ឈ្នះកីឡាករអ៊ីរ៉ង់ Aryan Rahaei ដោយពិន្ទុ, កីឡាករ ជុន កក្កដា ឈ្នះកីឡាករ Ferris Dalle Grave មកពីប្រទេស Mauritius ដោយពិន្ទុ និងកីឡាការិនី លីជីន គុនខ្មែរ ចាញ់កីឡាការិនីនេប៉ាល់ Susma Chaudhari ត្រឹមទឹកទី១ និងគូមិត្តភាពជាតិ កីឡាករ លីន វិចិត្រ ឈ្នះកីឡាករ សី កុសល ដោយពិន្ទុផងដែរ៕ អត្ថបទ លី ឈុនឡា

ថ្ងៃដំបូងនៃបុណ្យទន្លេ លើកទី១០ ខេត្តក្រចេះ ចាប់ផ្ដើមជាមួយព្រឹត្តិការណ៍កីឡា

2026/03/27 10:10:43 pm        475
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នៅខេត្តក្រចេះ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ២០២៦នេះ ជាមួយនឹងសកម្មភាពកីឡាជាច្រើន ពិសេសកម្ម​វិធី​រត់​កម្សាន្ដ​មហាជន​ចម្ងាយ ៥គីឡូម៉ែត្រ ដែលមានការចូលរួមយ៉ាងច្រើនរហូតដល់ ២,៥០០នាក់។កម្មវិធីរត់កម្សាន្ដនេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ដក្រចេះ ព្រមទាំងមន្ដ្រីរាជការ និងប្រជាពលរដ្ឋជាច្រើន ដែល​បាន​បង្ហាញ​នូវទឹកសប្បាយរីករាយ ក្នុងការចូលរួម​អបអរ​សាទរ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់​នេះ។​ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ ចំពោះថ្ងៃដំបូង នៃបុណ្យទន្លេ ដែល​ទាក់​ទាញ​ការ​ចូលរួ​ម​យ៉ាង​ច្រើន​ពីប្រជាពលរដ្ឋ ក្រោមម្លប់សន្ដិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែល​ជំរុញឲ្យមានព្រឹត្តិការណ៍បុណ្យទន្លេជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទន្លេ ក៏ដូច​ជា​វិស័យ​ទេសចរណ៍ ជាពិសេសនៅខេត្តក្រចេះ ដែលទើបបើកដំណើរការសាងល្បងនូវស្ពានថ្មី ចិត្រ​បូរី-ព្រែកប្រសព្វ ដែលកាត់ទន្លេមេគង្គជាដើម។សម្រាប់ថ្ងៃដំបូង នៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នេះដែរ ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​​ក្រចេះ បានរៀបចំនូវកម្មវិធីអមជាបន្ដបន្ទាប់ ក្នុងកម្មវិធីកីឡា ក្រៅពីការរត់កម្សាន្ដ ក៏មាន​ការ​បើក​ឲ្យ​លេង​កីឡាប្រជាប្រិយ និងកីឡាមហាជន ដូចជាលេងអុក លេងរែក លេងបាយខុំ លោត​ម៉ឹក ​និងវាយសីជាដើម ដែលទទួលបានការគាំទ្រ និង​លេង​កម្សាន្ដ​ជា​ច្រើន​ពី​ប្រជា​ពលរដ្ឋ​គ្រប់​វ័យ​។លើសពីនេះ ក្រសួងទេសចរណ៍ សហការជាមួយភាគីពាក់ព័ន្ធ ក៏បានរៀបចំនូវសិក្ខាសាលា ស្ដីពី​ការ​អភិវឌ្ឍន៍ និងគ្រប់គ្រងទេសចរណ៍ ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ដែល​ប្រព្រឹត្តិ​ទៅ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដោយ​មានការចូលរួមពីយុវជន សិស្ស-និស្សិត និងប្រតិបត្តិករទេសចរណ៍ជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា

កំហុសអាជ្ញាកណ្តាល និង VAR មានការកើនឡើងនៅ Premier League

2026/03/27 09:30:04 pm        179
កំហុសរបស់អាជ្ញាកណ្តាលនៅលើទីលាន និងកំហុសបច្ចេកទេសរបស់វីដេអូជំនួយអាជ្ញាកណ្តាល VAR ត្រូវបានគេឃើញថាមានការកើនឡើងរដូវកាលនេះនៅ Premier League។ក្រុមប្រឹក្សាត្រួតពិនិត្យឧប្បត្តិហេតុសំខាន់ៗ KMI របស់ Premier League បានបញ្ចេញស្ថិតិនៃកំហុសរបស់អាជ្ញាកណ្តាលចំនួន ៤ លើកក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ដែលធ្វើឱ្យចំនួនកំហុសកើនឡើងដល់ ៥៤ លើក។ នៅត្រឹមសប្តាហ៍ទី ៣១ ដូចគ្នានេះកាលពីរដូវកាលមុន គេឃើញមានកំហុសរបស់អាជ្ញាកណ្តាល និង VAR រួមបញ្ចូលគ្នាត្រឹម ៤៤ លើកប៉ុណ្ណោះ។ តែគណៈកម្មាធិការអាជ្ញាកណ្តាលបាននិយាយថា ស្ថិតិនេះនៅតែវិជ្ជមាននៅឡើយដោយសារកាលពីរដូវកាល ២០២៣-២៤ មានដល់ទៅ ៧០ លើកឯណោះ។ តែបើគេនិយាយតែពីកំហុសបច្ចេកទេសរបស់ VAR វិញ គេឃើញមានការកើនឡើងដល់ ១៨ លើកត្រឹមសប្តាហ៍ទី ៣១ នេះ ខណៈចំនួនកំហុសនេះស្មើនឹងពេញមួយរដូវកាលមុន តែបែជាទាបជាងឆ្ងាយវិញបើប្រៀបធៀបនឹងរដូវកាល ២០២២-២៣ មានសរុប ៣៨ លើក និង ២០២៣-២៤ មានសរុប ៣១ លើក។ យ៉ាងណាក្តី ពីមួយរដូវកាលទៅមួយរដូវកាលគេសង្កេតឃើញកំហុសដែលមិនមានការអន្តរាគមន៍ដោយ VAR មានការកើនឡើង។ នៅក្នុងការប្រកួតកាលពីថ្ងៃទី ១៤ ដល់ទី ១៦ ខែមីនានេះ KMI បានអង្កេតឡើងវិញឃើញថា បាល់ពិន័យ ១១ ម៉ែត្រចំនួនបីលើកគួរតែត្រូវបានផ្តល់ឱ្យ តែមិនមានការអន្តរាគមន៍ដោយ VAR ស្របពេលអាជ្ញាកណ្តាលលើទីលានក៏មិនឱ្យដូចគ្នា៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ IMF អំពី​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យានៅកម្ពុជា
10/28/2026 04:10 PM
គម្រោងវិនិយោគចំនួន ៥១១ គម្រោង​មានទុនប្រមាណ ៨,៥ ពាន់លានដុល្លារទទួលបានការលើកទឹកចិត្ត និងសម្រួលនីតិវិធីវិនិយោគនៅកម្ពុជា
10/28/2026 04:10 PM
ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមវេទិកាសេដ្ឋកិច្ចសរទៈរដូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការ​រួម​បញ្ចូលគ្នា​នៃកត្តាជំរុញកំណើនសេដ្ឋកិច្ចសកលថ្មីៗ» នៅ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​
10/28/2026 04:10 PM
ប្រជាពលរដ្ឋ ៧១៨គ្រួសារ នៅភូមិតាកឹងបៃតង ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត!
10/28/2026 03:10 PM
ផ្សារមូលបត្រកម្ពុជារំពឹងប្រមូលសាច់ប្រាក់កើនដល់ ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ ដើម្បីជួយគាំទ្រ MSMEs
10/28/2026 03:10 PM
របាយការណ៍៖ អាមេរិកប្រាប់​រដ្ឋ​ឈូងសមុទ្រពីលទ្ធភាពផ្ទុះសង្គ្រាម​ជាមួយ​អ៊ីរ៉ង់ «រយៈពេល​ខ្លី និង​ខ្លាំង​ក្លា»
10/28/2026 03:10 PM
កម្ពុជា ពង្រីកបណ្តាញតភ្ជាប់ផ្លូវអាកាសជាមួយកូរ៉េខាងត្បូង និងចិន តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
10/28/2026 03:10 PM
គម្រោងវិនិយោគ ៥១១ គម្រោង​មានទុនប្រមាណ ៨,៥ ពាន់លានដុល្លារទទួលបានការលើកទឹកចិត្ត និងសម្រួលនីតិវិធីវិនិយោគនៅកម្ពុជា
10/28/2026 03:10 PM
ប្រមុខការទូតកម្ពុជា និងទូតថ្មីអាល្លឺម៉ង់ប្រចាំកម្ពុជាប្ដេជ្ញាសហការគ្នាជិតស្និទ្ធ ជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត
10/28/2026 03:10 PM
កម្ពុជាស្នើចំណុចគន្លឹះចំនួន ៣ ទៅកាន់អង្គការ High Seas Alliance ដើម្បីជំរុញចីរភាព និងការអភិរក្សបរិស្ថានសមុទ្រសកល នៅក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
10/28/2026 03:10 PM