ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

ជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ

2026/03/17 06:34:38 pm        155
ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើងនៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល២ថ្ងៃពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦ត្រូវបានអ្នកជំនាញគុនល្បុក្កតោចាត់ទុកថាជាការជួបជុំរបស់អ្នកជំនាន់ក្រោយនេះ ដើម្បីបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នូវក្បាច់គុនព្រឹលឹងវប្បធម៌ខ្មែរមួយនេះឱ្យរស់នៅជានិច្ច។នេះជាការលើកឡើងរបស់អ្នកជំនាញ លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅក្នុងពិធីបើកជាផ្លូវការ ការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត សេង ប៊ុនសុង ប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការជាតិអូឡាំពិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។លោក អ៊ួ តារា គូសបញ្ជាក់បន្ថែមថា ការជួបជុំគ្នា ក្នុងព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិនេះ គឺជាការជួបជុំរបស់អ្នកជំនាន់ក្រោយ ដែលទទួលបានការបំពាក់បំប៉នពីលោកគ្រូព្រឹទ្ធាចារ្យចាស់ៗក្នុងគោលជំហរទាំងគំនិតប្រាជ្ញាស្មារតី មនសិការ ឆន្ទៈគ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យយើងបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរមួយនេះឱ្យរស់នៅជានិច្ច បើទោះបីជាចាស់ៗព្រឹទ្ធាចារ្យគុនល្បុក្កតោបានលាចាកលោកទៅហើយ ជាពិសេសលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ស្ថាបនិកសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលទើបទទួលមរណៈភាពកាលពីឆ្នាំ២០២៥។ជាមួយនេះដែរ លោកបណ្ឌិត សេង ប៊ុនសុង បានលើកទឹកចិត្តដល់គ្រូបង្វឹកនៅគ្រប់សាលាគុន កីឡាករ កីឡាការិនីគុនល្បុក្កតោទាំងអស់បន្តការខិតខំបង្វឹក និងហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំ ដើម្បីបន្តដុសខាត់សមត្ថភាពគុណភាពបច្ចេកទេសក្បាច់គុនអត្តសញ្ញាណជាតិខ្មែរមួយនេះឱ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ ដើម្បីដណ្តើមមេដាយជូនសាលាគុន និងខ្លួនឯង។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យកីឡាករ កីឡាការិនីគុនល្បុក្កតោរក្សា និងចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍគុណតម្លៃនៃក្បាច់គុនដូនតាខ្មែរបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយៗបន្តទៅមុខទៀត។សូមបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដំណើរការប្រកួតរយៈពេល២ថ្ងៃ ដោយរៀបចំប្រកួតលើ១២វិញ្ញាសា និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ២២៤នាក់ មកពី២៥សាលាគុននៃ៩រាជធានី-ខេត្ត៕ 

Neymar មិនមានឈ្មោះជាមួយប្រេស៊ីលសម្រាប់ការប្រកួតមិត្តភាពត្រៀម World Cup ទល់នឹងបារាំង

2026/03/17 06:06:55 pm        140
គ្រូបង្គោលក្រុមជម្រើសជាតិប្រេស៊ីលលោក Carlo Ancelotti បានបញ្ជាក់ថា Neymar មិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិសម្រាប់ការប្រកួតមិត្តភាពកំដៅសាច់ដុំមុន World Cup ឡើយដោយសារមិនទាន់រឹងមាំ ១០០%។ប្រេស៊ីលនឹងត្រូវជួបបារាំងនៅថ្ងៃទី ២៦ ខែមីនានេះនៅទីក្រុង Boston សហរដ្ឋអាមេរិកមុនបន្តជួបក្រូអាស៊ីនៅថ្ងៃទី ៣១ នៅ Orlando ខណៈក្រុមជើងឯក ៥ សម័យប្រេស៊ីលកំពុងត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោករដូវក្តៅនេះនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។អតីតអ្នកចាត់ការ Real Madrid រូបនេះបានបន្តថា Neymar នៅតែអាចមានមុខនៅ World Cup ប្រសិនបើរូបគេ រឹងមាំ ជាពីរបួស ១០០% តែសម្រាប់ការប្រកួតមិត្តភាពចំពោះមុខនៅពេលនេះអតីតខ្សែប្រយុទ្ធ Barcelona និង PSG រូបនេះមិនអាចបង្ហាញខ្លួនបានឡើយ។ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះក៏បានអវត្តមានពី Santos ដែរប៉ុន្មានប្រកួតចុងក្រោយដោយសារបញ្ហាសាច់ដុំ និងមិនដែលបង្ហាញខ្លួនឱ្យប្រេស៊ីលឡើយតាំងពីមានរបួសជង្គង់ធ្ងន់តាំងពីខែតុលាឆ្នាំ ២០២៣។សម្រាប់ការកោះហៅចូលក្រុមជម្រើសជាតិនៅពេលនេះលោក Ancelotti ក៏បានកោះហៅកីឡាករវ័យ ១៩ ឆ្នាំ Endrick ផងដែរ រួមជាមួយខ្សែប្រយុទ្ធ Brentford, Thiago និងខ្សែប្រយុទ្ធ Bournemouth, Rayan។ ប្រេស៊ីលនឹងត្រូវមានការប្រកួតមិត្តភាពចុងក្រោយមួយទៀតទល់នឹងអេហ្ស៊ីប នៅខែមិថុនាខាងមុខ មុនចាប់ផ្តើមយុទ្នាការ World Cup ពូល C ទល់នឹងម៉ារ៉ុកថ្ងៃទី ១៣ ខែមិថុនាដដែល៕ អត្ថបទ៖នាង សុភាវុធ 

គ្រូថ្មី Li Huanning មានបទពិសោធន៍ជាង ៣ទសវត្សរ៍ មុនមកដឹកនាំ​ក្រុមបាល់ទះ​ជម្រើសជាតិកម្ពុជា

2026/03/17 05:49:04 pm        182
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចតែងតាំងលោក Li Huanning ជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្រោយការចែកផ្លូវជាមួយលោក Li Jun កាលពីថ្មីៗ។ ជាមួយការផ្លាស់ប្ដូរគ្រូថ្មីនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ដ្បិតគ្រូមុន បានរួមចំណែកអភិវឌ្ឍន៍ និងកសាងនូវសមិទ្ធផលជាច្រើន សម្រាប់វិស័យកីឡាបាល់ទះកម្ពុជា។យ៉ាងណាការនាំចូលគ្រូបង្វឹកថ្មី ដែលគេស្គាល់បុគ្គលសម្បូរដោយបទពិសោធន៍ និងធ្លាប់ដឹកនាំក្រុមជាច្រើនក្នុងតំបន់អាស៊ាន នឹងអាចជួយអភិវឌ្ឍន៍ និងដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឆ្ពោះទៅសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។យោងតាមប្រវត្តិបុរសជនជាតិចិនលោក Li Huanning ធ្លាប់ដឹកនាំក្រុមជាច្រើន ទាំងជម្រើសជាតិ និងក្លិប ដោយលោកបានផ្ដើមអាជីពដំបូង ដឹកនាំក្រុមយុវជនសៀងហៃ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥ មុនដឹកនាំក្រុមយុវជនឆាយនីសតៃប៉ិ នៅឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ ហើយកំឡុងឆ្នាំ២០០៨ លោក៏ធ្លាប់ដឹកនាំក្រុមធំឆាយនីសតៃប៉ិផងដែរ។លុះដល់ឆ្នាំ២០១២ គ្រូបង្វឹកវ័យ ៦២ឆ្នាំរូបនេះ បានចេញមកដឹកនាំក្រុមយុវជនវៀតណាម ខណៈដឹកនាំបាន ៤ឆ្នាំ លោកបានផ្លាស់ទៅដឹកនាំក្រុមបាល់ទះនារី Petroklmla នៅប្រទេសឥណ្ឌូណេស៊ី ពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៧ និងដឹកនាំក្រុមបាល់ទះនារី Creamline របស់ហ្វីលីពីន នៅឆ្នាំ២០១៩ ខណៈចូលឆ្នាំ២០២០ លោកបានត្រឡប់ទៅប្រកបអាជីពនៅវៀតណាមវិញ ដោយដឹកនាំក្រុមជម្រើសជាតិវៀតណាម រហូតដល់ឆ្នាំ២០២៣ មុនត្រឡប់ទៅដឹកនាំក្រុមជម្រើសហុងកុង នៅឆ្នាំ២០២៣-២០២៤។ក្នុងអាជីពគ្រូបង្វឹកជាង ៣០ឆ្នាំនេះដែរ លោក Li Huanning ធ្លាប់ទទួលបានសមិទ្ធផលជាច្រើន តែភាគច្រើនជាពានក្នុងស្រុក កំឡុងពេលលោកដឹកនាំក្រុមយុវជនឆាយនីសតៃប៉ិ ។ ប៉ុន្ដែការមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ជំនួសតំណែងលោក Li Jun នឹងមានកាតព្វកិច្ចសំខាន់ៗជាច្រើន កំពុងរង់ចាំលោក Li Huanning ជាក់ស្ដែងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ SEA V.League ឆ្នាំ២០២៦ និងស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី នាឆ្នាំក្រោយជាដើម។គួរដឹងថា រយៈពេលជិត ១០ឆ្នាំ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Li Jun មុនជំនួសតំណែងដោយគ្រូបង្វឹកថ្មីលោក Li Huanning ពេលនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានសាងកំណត់ត្រាប្រវត្តិសាស្ដ្រជាច្រើន ដូចជាការឈ្នះមេដាយសំរឹទ្ធលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម មុនបន្ដឈ្នះមេដាយប្រាក់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា និងការឈ្នះជើងឯក SEA V. League Challenge ឆ្នាំ ២០២៤ ដើម្បីទទួលបានកៅអីលេងជើងឯកអាស៊ីអាគ្នេយ៍ ក៏ដូចជាការទទួលបានសិទ្ធចូលរួមប្រកួតកីឡាអាស៊ី និងពានរង្វាន់អន្ដរជាតិផ្សេងៗទៀត។ ដូច្នេះចាំមើលតើការផ្លាស់ប្ដូរគ្រូបង្វឹកថ្មី នឹងមានអ្វីប្រែប្រួលបន្ថែមទៀត សម្រាប់វិស័យបាល់ទះកម្ពុជា? អត្ថបទ លី ឈុនឡា 

AFC មិនទាន់បានទទួលការបញ្ជាក់ផ្លូវការនៅឡើយពីការដក់ខ្លួនពី World Cup របស់អ៊ីរ៉ង់

2026/03/17 05:12:39 pm        160
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC មិនទាន់ទទួលបានការបញ្ជាក់ផ្លូវការនៅឡើយពីអ៊ីរ៉ង់ ជុំវិញ​ការ​ដក​ខ្លួន​របស់ក្រុមជម្រើសជាតិនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះ។អ៊ីរ៉ង់បាន​ឆ្លង​ផុតវគ្គជម្រុះ និងទទួលបានកៅអី World Cup ឆ្នាំនេះដែលមាន ៤៨ ក្រុមលើក​ដំបូង​រៀប​ចំនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។ រដ្ឋមន្ត្រីកីឡារបស់​ប្រទេសអ៊ីរ៉ង់បាននិយាយថា វាមិនអាចទៅរួចទេសម្រាប់​កីឡាករ​ក្នុង​ការ​ចូល​រួម​ក្នុ​ង​ការ​ប្រកួតនេះ បន្ទាប់ពី​សហរដ្ឋអាមេរិកបា​ន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ជា​មួយ​អ៊ីស្រាអែល​ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយបានសម្លាប់មេដឹកនាំ​កំពូល​របស់​សាធារណ​រដ្ឋ​អ៊ីស្លាម​។ពេលចាប់ឆ្នោតកាលពីខែធ្នូកន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង ស្ថិតនៅក្នុងពូលជាមួយបែលហ្ស៊ិក អេហ្ស៊ីប និងនូវែលសេឡង់ ហើយទាំងបីប្រកួតក្នុងពូលG នេះត្រូវលេងនៅទីក្រុងពីររបស់អាមេរិក គឺ ឡូស អែនជឺឡេស និងស៊ីអាថល។អ៊ីរ៉ង់ ជាប្រទេសតែមួយគត់ដែលមិនបានចូលរួមជំនួបកំពូលផែនការសហព័ន្ធបាល់ទាត់អន្តរជាតិសម្រាប់ប្រទេសចូលរួមប្រកួតបាល់ទាត់ពិភពលោក សប្ដាហ៍មុននៅអាត្លង់តា សហរដ្ឋអាមេរិក។អ៊ីរ៉ង់បានកៅអីទៅលេងបានទាត់ពិភពលោក២០២៦ ចេញពីការប្រកួតជម្រុះតំបន់អាស៊ីជុំទី៣ បញ្ចូប់ចំណាត់ថ្នាក់លេខ១ក្នុងពូល A ក្រោយ១០ប្រកួត ឈ្នះ៧ប្រកួត ចាញ់២ប្រកួត និងស្មើ១ប្រកួត។ ដោយមិនគិតលើកនេះ អ៊ីរ៉ង់ធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៦ដងរួចមកហើយ (ឆ្នាំ១៩៧៨ ១៩៩៨ ២០០៦ ២០១៤ ២០១៨ និង២០២២)៕ អត្ថបទ៖នាង សុភាវុធ

កីឡដ្ឋានដែលអាចផ្ទុកអ្នកគាំទ្រជិត១០០០០នាក់ នឹងលេចរូបរាងនៅខេត្តព្រះសីហនុ

2026/03/17 04:54:49 pm        205
ក្លឹបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា ថ្មីៗនេះបានរៀបចំពិធីបញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាង​សង់ ​“កីឡដ្ឋាន កំពង់ដេវ៉ា អារេណា” ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ។យោង​តាមការបញ្ជាក់របស់ក្លឹបឱ្យដឹងថា ការរៀបចំ​ពិធី​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​សំខាន់​ដែល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្លឹប ក៏ដូចជាក្នុងការចូលរួម​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។គម្រោងសាងសង់ កីឡដ្ឋាន កំពង់ដេវ៉ា អារេណា នេះ គឺជាផ្នែក​មួយ​នៃ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​ថ្នាក់​ដឹក​នាំ​ក្លឹប ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្លឹបដែលមានស្តង់ដារ និងបង្កើត​បរិយាកាស​ល្អ​សម្រាប់​ការ​ប្រកួត ការបណ្តុះបណ្តាលកីឡាករ ថ្នាលយុវជន។ ម្យ៉ាងវិញទៀត កីឡដ្ឋាន​ដ៏​ប្រណិត​នេះ​ក៏ជាទីតាំងកំសាន្តមួយដែលអាចទាក់ទាញអ្នកគាំទ្រ និងភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​ មកទស្សនាការប្រកួត ដែលជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ប្រធានក្លឹប លោក យិន ច័ន្ទធូរ៉ានូ លើកឡើងថា លោក​មាន​ក្ដី​រំពឹង​ខ្ពស់​ចំពោះ​កីឡដ្ឋាន​ថ្មី​ព្រោះវា​មិន​មែន​ត្រឹ​មតែជាកន្លែងបាល់ទាត់ប៉ុណ្ណោះទេ វាជាការប្រមូលផ្ដុំសម្រាប់សហគមន៍ជួបជុំ និង​លើក​ទឹក​ចិត្តក្នុងវិស័យកីឡាក្នុងប្រទេសកម្ពុជា។ កីឡដ្ឋាននេះ​នឹង​ជំរុញ​ក្នុង​ការ​អភិវឌ្ឍ​បាល់​ទាត់​ព្រះរាជា​ណាចក្រកម្ពុជា និងនៅក្នុងតំបន់ ជាពិសេសខេត្តព្រះសីហនុផ្ទាល់តែម្ដង។លោកបន្ដ​ថា​កីឡដ្ឋាននេះធ្វើក្នុងស្តង់ដាប្រកួតរបស់សហព័ន្ធបាល់ទាត់អាស៊ី (AFC) ដែល​មាន​ផ្ទុក​អ្នក​ទស្សនាជិត១០ ០០០នាក់ និងមានកន្លែងហ្វឹកហាត់ ប្រព័ន្ធភ្លើង​ប្រកួត​ពេល​យប់​តាម​ស្ដង់ដា ​AFC ទាំងអស់។ កន្លែងនេះនឹងក្លាយជាកន្លែងដ៏សំខាន់សម្រាប់យុវជនដែលមានក្ដីស្រម៉ៃក្នុងវិស័យបាល់ទាត់នាពេល​អនាគត។ នេះជាសញ្ញានៃការរីកចម្រើន និងចក្ខុវិស័យរយៈពេលវែងរបស់ក្លឹប។ កីឡដ្ឋាន​នឹង​បើក​ទទួល​ស្វាគមន៍ជានិច្ចសម្រាប់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាសម្រាប់តម្រូវការណាមួយ ដូច​ជា​ការប្រកួតអន្តរជាតិ និងសម្រាប់ប្រមូលផ្តុំការហ្វឹកហាត់ ត្រៀមមុនការ​ប្រកួត​ពាន​រង្វាន់​ផ្សេង​ៗ​នាពេ​​លអនាគត"។សូមជម្រាបជូនដែរថាការសាងសង់កីឡដ្ឋានថ្មីរបស់ក្លឹប MOI កំពង់ដេវ៉ា គឺត្រូវ​ចំណាយ​ពេល​សាង​សង់​រយៈ​ពេលពីរឆ្នាំ ដោយជំហានដំបូង​នេះ​ក្លឹ​ប​ចាប់​ផ្តើម​សាង​សង់​ស្មៅ​ទីលាន​ប្រកួត​បាល់​ទាត់​ជា​មុន​សិន​៕

យុវជនជាង ៥០០នាក់ ចូលរួមធ្វើតេស្ដត្រៀមប្រជែងពានសហព័ន្ធជាមួយ ISI ដង្កោសែនជ័យ

2026/03/17 04:40:25 pm        165
យុវជនអាយុក្រោម ១៦ឆ្នាំ ប្រមាណជាង ៥០០នាក់ បានចូលរួមធ្វើតេស្តសមត្ថភាព ដើម្បី​ស្វែង​រក​ឱកាស​ចូលរួម​ជាមួយ​ក្រុម​យុវជន​ថ្នាល​ក្លិប​បាល់​ទាត់​ ISI ​ដង្កោ​សែន​ជ័យ ​ក្នុង​គោល​បំណង​ត្រៀម​ខ្លួន​ សម្រាប់ការប្រកួតពានរង្វាន់កម្រិតយុវជនរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រដូវកាល​ថ្មី​ខាងមុខ។ការធ្វើតេស្ដនេះ ប្រព្រឹត្តទៅមានរយៈពេល ១ថ្ងៃពេញ ក្រោមការដឹកនាំរបស់លោក អ៊ុក សុធី ប្រធាន​អភិវឌ្ឍយុវជនរបស់ក្លិប នៅទីលានហ្វឹកហាត់ ISI Park II ដើម្បីចម្រាញ់យុវជនឆ្នើមៗ ទៅ​ធ្វើ​តេស្ដនៅដំណាក់ចុងក្រោយ។យោងតាមក្រុមការងារក្លិបមានមូលដ្ឋាននៅតំបន់វេងស្រេងនេះ បានឲ្យដឹងថា ការ​ធ្វើ​តេស្ដ​ដំណាក់​កាល​ទី១ មានយុវជនជាង ៥០០នាក់ចូលរួម និងជ្រើសរើសបាន ៣០ឆ្នាំ ដើម្បី​បន្ដ​ធ្វើ​តេស្ដ​ជាមួយ​យុវជនមានស្រាប់ នាថ្ងៃទី២៩ ខែមីនាខាងមុខ ។ បន្ទាប់មកទើប​ក្លិប​សម្រេច​ជ្រើស​រើស​យក​កីឡាករ​ ២៥ ទៅ ៣០នាក់ចុងក្រោយ សម្រាប់ប្រមូលផ្ដុំ​ហ្វឹក​ហាត់​ត្រៀម​លេង​ពាន​រង្វាន់​យុវជន​របស់​សហព័ន្ធតែម្ដង។គួរដឹងថា ISI ដង្កោសែនជ័យ គឺជាក្លិបមួយ តែងផ្ដោតការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បណ្ដុះ​បណ្ដាល​យុវជន ​ចាប់ពីកម្មវិធីបាល់ទាត់សហគមន៍ រហូតដល់កម្រិតអាជីព ដើម្បីកសាង​នូវ​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ ​ស​ម្រាប់អនាគតធនធានកីឡាករបន្ដវេនក្លិប ក៏ដូចជាជម្រើសជាតិ ជាក់ស្ដែង​ក្នុង​ក្រុម​ធំ​របស់​ខ្លួន​បច្ចុប្បន្ន ក៏មានកីឡាករមួយចំនួន កើតចេញពីថ្នាលយុវជន ដែលបណ្ដុះ​ចេញ​ដោ​យ​ក្លិប​ផ្ទាល់​ផង​ដែរ​៕ អត្ថបទ លី ឈុនឡា

ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ប្រកាសពិន័យលើកីឡាករ មុត សត្យា ក្រោយប្រើកែងពេលប្រកួត

2026/03/17 12:06:38 am        385
ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍​ផ្លូវការ​របស់​ខ្លួន​ជុំវិញការប្រកួតជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី១៥ ខែមីនា នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីខ្សែការពារ មុត សត្យា បានធ្វើ​ឱ្យ​មាន​កំហុស​ប្រើ​កែង​ទៅ​លើ​កីឡាករ ព្រះខ័នរាជ Conor Jon Shield រហូតមានរបួសស្នាម។ក្នុងសេចក្ដីថ្លែងការណ៍ ប្រធានក្លឹបអង្គរថាយហ្គឺរ លោក អាគីហ៊ីរ៉ូ កាតុ បានធ្វើកា​រ​សុំ​ទោស​ចំពោះ​ទ​ង្វើដែលមិនអាចទទួលយកបានរបស់កីឡាករ មុត សត្យា ហើយ​បាន​សុំ​ការ​អភ័យ​ទោស​ដោយ​ស្មោះអ​ស់​ពីចិត្ត ទៅកាន់កីឡាករនៃក្លឹបព្រះខ័នរាជស្វាយរៀង មន្ត្រី និងអ្នកគាំទ្ររបស់ក្លឹប ក៏​ដូច​ជា​អ្នក​គាំទ្រ​ទំាងអស់របស់អង្គរថាយហ្គឺរ និងអ្នកសេ្នហា​វិស័យបាល់​ទាត់​ដែល​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ទង្វើដែលមិនអាចទទួលយកបានរបស់កីឡាការ មុត សត្យា។ប្រធានក្លឹបសញ្ជាតិជប៉ុនដែលស្រឡាញ់កម្ពុជាយ៉ាងខ្លាំងរូបនេះ បន្ថែមថា បន្ទាប់ពីការប្រកួត លោកបានជួបផ្ទាល់ជាមួយកីឡាករ សត្យា ព្រមទាំងបានពិភាក្សាជាមួយភាគីពាក់ព័ន្ធ។ សត្យា បានគ្រប់គ្រងអារម្មណ៍ឡើងវិញភ្លាមៗ និងបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ខ្លួន។ ព្រឹកថ្ងៃទី១៦ ខែមីនា នេះដែរ រូបគេបានផ្ញើសារសុំទោសផ្ទាល់ទៅកាន់ Conor Shield។ សេចក្តីថ្លែងការណ៍បន្តថាទោះយ៉ាងណាក៏ដោយក្នុងនាមក្លឹបអាជីព ក្លឹបអង្គរថាយហ្គឺរ សម្រេចមិនឱ្យចូលរូមប្រកួតដែលនៅសេសសល់ទាំងអស់សម្រាប់រដូវកាលនេះ ហាមឃាត់ការចូលរួមហ្វឹកហាត់ជាមួយក្រុមរហូតដាច់ខែនេះ ត្រូវចូលរួមក្នុងសកម្មភាពការងារស្មគ្រចិត្តក្នុងសហគមន៍ រួមទាំងការសម្អាតទីក្រុងអំឡុងពេលនៃការព្យួរការហ្វឹកហាត់ និងកាត់ប្រាក់បៀរវត្សរ៍មួយផ្នែករហូតចប់រដូវកាល។ទាក់ទងនឹងហេតុការណ៍នេះ អ្នកគាំទ្របាល់ទាត់បានកោតសរសើរដល់ក្រុមការងារ និងកីឡាករ របស់ព្រះខ័នរាជស្វាយរៀង ដែលអាចរក្សាភាពអត់ធ្មត់ និងមិនធ្វើឱ្យមានបញ្ហាខ្លាំងកើតឡើងនៅលើទីលាន៕

ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងាបិទបញ្ចប់ដោយជោគជ័យខណៈចិនឈ្នះមេដាសមាសច្រើនជាងគេ

2026/03/16 10:10:58 pm        165
ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងា Milano-Cortina បានបិទបញ្ចប់ដោយជោគជ័យកាលពីថ្ងៃអាទិត្យ ខណៈពិធីបិទរៀបចំនៅកីឡដ្ឋាន Cortina Curling។ ប៉ារ៉ាឡាំពិករដូវរងាឆ្នាំនេះ ជាព្រឹត្តិការណ៍ដែលមានអត្តពលិកចូលរួមច្រើនបំផុតសរុប ៦១១ នាក់មកពី ៥៥ ប្រទេសជុំវិញពិភពលោក ប្រកួតលើវិញ្ញាសាចំនួន ៧៩ នៃ ៦ ប្រភេទកីឡាក្នុងរយៈពេល ១០ ថ្ងៃកន្លងមក។ ចិនឈរលើគេក្នុងតារាងមេដាយសរុប តាមរយៈមេដាយសរុប ៤៤ មានមាស ១៥ គ្រឿង តាមពីក្រោយដោយសហរដ្ឋអាមេរិកឈ្នះមេដាយសរុប ២៤ គ្រឿងមានមាស ១៣ លេខបីរុស្ស៊ីសរុប ១២ គ្រឿងមានមាស ៨ គ្រឿង ខណៈម្ចាស់ផ្ទះអ៊ីតាលីបានលេខបួនឈ្នះមេដាយសរុប ១៦ មានមាស ៧ គ្រឿង។ ប៉ារ៉ាឡាំពិករដូវរងានៅ Milano-Cortina ឆ្នាំនេះ មានការវិលត្រលប់មកវិញអត្តពលិករុស្ស៊ី និងបេឡារុស បន្ទាប់ពីប្រទេសទាំងកន្លងមកត្រូវហាមប្រាមមិនចូលរួមប្រកួតតាំងពីឆ្នាំ ២០២២ នៅរុស្ស៊ីចាប់ផ្តើមធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ជាមួយគ្នានោះដែរ អត្តពលិកអ៊ុយក្រែនបានធ្វើពហិការមិនចូលរួមពិធីបើក និងបិទឡើយ ដោយមិនពេញចិត្តនឹងវត្តមានរបស់រុស្ស៊ី និងបេឡារុស។ ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងាបន្ទាប់ឆ្នាំ ២០៣០ នឹងត្រូវរៀបចំនៅប្រទេសបារាំងនៅតំបន់ភ្នំ Alps៕ អត្ថបទ៖នាង សុភាវុធ 

ប្រទេសម៉ិចស៊ិកបង្កើតបានឯតទគ្គកម្មមានអ្នកចូលរួមហ្វឹកហាត់បាល់ទាត់ច្រើនជាងគេលើពិភពលោក

2026/03/16 09:49:31 pm        245
កំណត់ត្រាពិភពលោកថ្មី Guinness World Record ត្រូវបានបង្កើតឡើងកាលពីថ្ងៃអាទិត្យនៅប្រទេសម៉ិកស៊ិក ជាកំណត់ត្រាដែលមានមនុស្សប្រមូលផ្តុំហ្វឹកហាត់បាល់ទាត់ច្រើនបំផុតជាង ៩០០០ នាក់។មនុស្សចូលរួម ៩៥០០ នាក់បានទទួលមេរៀនបាល់ទាត់ប្រមាណ ៤០ នាទីនៅតំបន់ Zocalo រដ្ឋធានី Mexico City ដែលចំនួនមនុស្សច្រើនលើសលុបបែបនេះបានបំបែកកំណត់ត្រាចាស់កាលពីឆ្នាំ ២០២៥ នៅសហរដ្ឋអាមេរិកទីក្រុង Seattle ដែលអ្នកចូលរួមត្រឹម ១០៣៨ នាក់។ ការកត់ត្រាចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Record ជាផ្នែកមួយនៃការផ្សព្វផ្សាយព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលនឹងចាប់ផ្តើមពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដានៅលើទឹកដីបីប្រទេស អាមេរិក ម៉ិកស៊ិក និងកាណាដា។ការប្រកួតបើកឆាក ដែលមានពិធីបើកផ្លូវការនឹងរៀបចំនៅកីឡដ្ឋានប្រវត្តិសាស្រ្ត Azteca ជាកីឡដ្ឋានដែលនឹងទទួល World Cup ជាលើកទីបី បន្ទាប់ពីពីរលើកដំបូងនៅឆ្នាំ ១៩៧០ និង ១៩៨៦។អំឡុងការហ្វឹកហាត់បាល់ទាត់នោះ មនុស្សចាស់ក្មេង ប្រុសស្រីបានទទួលមេរៀនបាល់ទាត់ពីគ្រូបាល់ទាត់ជាច្រើន ដែលរួមមានអតីតកីឡាករជម្រើសជាតិម៉ិកស៊ិកផងដែរដែលបានឈរបង្ហាញនៅលើឆាក៕ អត្ថបទ៖នាង សុភាវុធ 

កីឡដ្ឋានគោកធ្លក សម្រេចការសាងសង់ជិត ៣០% ខណៈគ្រោងបញ្ចប់នាឆ្នាំ២០២៧

2026/03/16 07:39:33 pm        281
ការសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការកណ្តាលថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) សម្រេចបានប្រមាណជិត ៣០%ហើយ និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរ នាឆ្នាំ២០២៧ ខាងមុខ។នេះបើតាមការជូនដំណឹងរបស់សហព័ន្ធ បន្ទាប់ពីឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធ និងជាប្រធានគណៈកម្មការចំពោះកិច្ច នៃគម្រោងសាងសង់នេះ ក្រោយដឹកនាំក្រុមការងារសហព័ន្ធចុះពិនិត្យលលើវឌ្ឍនភាព នៃការសាងសង់ទីស្នាក់ការ និងកីឡដ្ឋានគោកធ្លក កាលពីចុងសប្ដាហ៍កន្លងទៅ។គួរដឹងថា កីឡដ្ឋាន និងទីស្នាក់ការរបស់សហព័ន្ធ បានបញ្ចុះបឋមសិលាសាងសង់ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ ដោយគ្រោយចំណាយពេលសាងសង់ ២០ខែ ក្នុងទំហំទឹកប្រាក់ ៤,៤០០,០០០ដុល្លារ ខណៈគិតត្រឹមចុងសប្ដាហ៍កន្លងទៅ សម្រេចការសាងសង់បានប្រមាណ ២៨%។ទីស្នាក់ការ និងកីឡដ្ឋានគោកធ្លក នេះ មានទីតាំងនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជេញ ស្រុកមុខកំបូល ខេត្តកណ្ដាល ហើយថវិកាចំណាយលើការសាងសង់នេះ គឺទទួលបានពីមូលនិធិ Goal Project និង FIFA Forward 2.0 ដែលនៅសល់ និងបូករួមទាំង FIFA Forward 3.0 ដែលមានទំហំទឹកប្រាក់សរុប ៤.៤លានដុល្លារ។យោងតាមការបញ្ជាក់របស់ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កីឡដ្ឋានគោកធ្លក អាចនឹងផ្ទុកទស្សនាបានប្រមាណ ១២,០០០នាក់ ខណៈដំណាក់កាលដំបូងនៃការសាងសង់ គឺអាចផ្ទុកអ្នកទស្សនាប្រមាណ ៤,២០០ដុល្លារ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយច្បាប់មនុស្សធម៌ និងការប្រើប្រាស់បដិរូបដល់អ្នកសារព័ត៌មាន
10/28/2026 08:10 PM
កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
10/28/2026 07:10 PM
ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
10/28/2026 07:10 PM
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មអត្តសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
10/28/2026 07:10 PM
លោក Netanyahu ត្រូវបាន​រំពឹង​​ថា មាន​ ៥៤អាសនៈ ខណៈ​​​គូប្រជែង​ ៤៩អាសនៈ ក្រោយ​សន្លឹកឆ្នោត​រាប់​បាន​ ៨៤%
10/28/2026 07:10 PM
រុស្ស៊ី និងអ៊ុយក្រែន បញ្ជាក់ថា គ្មានការរំលោភបទឈប់បាញ់ នៅទីក្រុង Oleshky របស់អ៊ុយក្រែន​ឡើយ
10/28/2026 07:10 PM
លោក Trump បញ្ជាក់​ថា កិច្ចប្រជុំជាមួយ​លោក Zelenskyy និងលោក Putin នឹងត្រូវរៀបចំឡើងឆាប់ៗ
10/28/2026 06:10 PM
លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
10/28/2026 06:10 PM
[BREAKING NEWS] មនុស្សយ៉ាងហោច ៤៦នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅអេស្ប៉ាញ
10/28/2026 06:10 PM
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ ពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម GBC
10/28/2026 06:10 PM