ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

កងយោធពលខេមរភូមិន្ទ ប្រឈមធ្លាក់ទៅបាតតារាង ក្រោយបន្ដចាញ់ ៧ប្រកួតជាប់គ្នា

2026/03/16 06:57:39 pm        236
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក សម្រាប់ការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជា ក្រៅពីរបូតកៅអី Top-6 ពួកគេក៏កំពុងប្រឈមធ្លាក់ទៅបាតតារាងផងដែរ បន្ទាប់ពីចាញ់ ៧ប្រកួតជាប់ៗគ្នា ក្នុងចំណោមបរាជ័យទាំង ១៣ប្រកួត នារដូវកាលឆ្នាំ២០២៥/២៦។សម្រាប់ប្រកួតចុងក្រោយ ទល់នឹងក្រុមម្ចាស់ផ្ទះ ឡាយហ្វខេត្តព្រះសីហនុ កាលពីចុងសប្ដាហ៍កន្លងទៅ កងយោធពលខេមរភូមិន្ទ បានបរាជ័យ ក្នុងលទ្ធផល ៣-១ ។ នេះជាការបរាជ័យលើកដំបូង ក្នុងប្រវត្ដិជួបគ្នា ៣ដងក្នុងរដូវកាលនេះ បន្ទាប់ពីជើងទី១ ក្រុមលោក ភា សុភ័ក្ដ្រា បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តព្រះសីហនុនេះ ១-០ ក្នុងដី មុនបន្ដឈ្នះ ៣-០ ក្រៅដី នៅជើងទី២។បរាជ័យនេះ នាំឲ្យសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដែលឈរលេខ៩ មានគម្លាតត្រឹម ៤ពិន្ទុពីក្រុមឈរលេខ១០ ឡាយហ្វខេត្តព្រះសីហនុ និង ៥ពិន្ទុប៉ុណ្ណោះពីក្រុមបាតតារាង ISI ដង្កោសែនជ័យ ។ ហេតុនេះ កងយោធពលខេមរភូមិន្ទ អាចប្រឈមនឹងការធ្លាក់ទៅឈរបាតតារាង ទោះបីសល់ ៦ប្រកួតក្នុងដៃក្ដី ប្រសិនពួកគេបន្ដធ្វើមិនបានល្អសម្រាប់ការប្រកួតសេសសល់។គួរដឹងថា បើធៀបលទ្ធផលការចាប់ផ្ដើមរដូវកាល និងរយៈពេលចុងក្រោយ ក្រុមកងយោធពលខេមរភូមិន្ទ ប្រៀបបានក្រុម ២ ផ្សេងគ្នា ដ្បិតកាលចាប់ផ្ដើម ៥ប្រកួតដំបូង ពួកគេមិនស្គាល់ចាញ់ ហើយជួបសុទ្ធតែក្រុមខ្លាំង ដូចជាឈ្នះក្រុមវិសាខា ២-១ ហើយស្មើណាហ្គាវើលដ៏, បឹងកេត និងភ្នំពេញក្រោន ១-១ ដូចគ្នា មុនឈ្នះឡាយហ្វខេត្តព្រះសីហនុ ១-០ ។ប៉ុន្ដែក្រឡេកមកមើលលទ្ធផល ៧ប្រកួតចុងក្រោយវិញ ពួកគេបានរងបរាជ័យជាប់ៗគ្នា រួមមចាញ់ អឹមអូអាយ កំពង់ដេវ៉ា ៣-០, ចាញ់ព្រះខ័នរាជស្វាយរៀង ៦-៣, ចាញ់គិរីវង់សុខសែនជ័យ ៤-០, ចាញ់ ISI ដង្កោសែនជ័យ ៣-០, ចាញ់អង្គរថាយហ្គឺរ ៧-១, ចាញ់គិរីវង់សុខសែនជ័យ ៣-២ និងចុងក្រោយចាញ់ឡាយហ្វខេត្តព្រះសីហនុ ៣-១។ក្រឡេកទៅចាប់អារម្មណ៍បេក្ខភាពក្រុមខាងក្រោមទាំង ៥ (Bottom-5) ផ្សេងទៀតវិញ គឺក្រុមវិសាខា បានយកឈ្នះក្រុម ISI ដង្កោសែនជ័យ ២-០ ក្នុងជំនួបសប្ដាហ៍ទី២៥ ។ ជ័យជម្នះនេះ បានធ្វើឲ្យវិសាខា ខិតជិតទៅកាន់តំណែងចំណាត់ថ្នាក់លេខ៧ ជាផ្លូវការ គ្រាដែល ISI ដង្កោសែនជ័យ បានធ្លាក់ទៅបាតតារាងវិញ ដោយរក្សា ១២ពិន្ទុក្នុងដៃ៕ អត្ថបទ លី ឈុនឡា

Kimi Antonelli ឈ្នះការប្រណាំង F1 Grand Prix លើកដំបូងក្នុងអាជីព

2026/03/16 06:22:05 pm        171
កីឡាករប្រណាំងរថយន្តវ័យក្មេង Kimi Antonelli បានឈ្នះការប្រណាំង F1 Grand Prix លើកដំបូងក្នុងអាជីព ក្រោយប្រជែងឈ្នះការប្រណាំងនៅទីក្រុងសៀងហៃប្រទេសចិន ស្របពេល Mercedes នៅតែខ្លាំងក្នុងការចាប់ផ្តើមរដូវកាលថ្មីនេះ។ កីឡាករវ័យ ១៩ ឆ្នាំអ៊ីតាលីរូបនេះបានក្លាយជាកីឡាករវ័យក្មេងបំផុតទីពីរក្នុងប្រវត្តិសាស្រ្ត F1 ពោលគឺមួយថ្ងៃបន្ទាប់ពីឈ្នះការប្រណាំងយកទីចេញដំណើរដែលគេបានក្លាយជាអ្នកឈ្នះវ័យក្មេងបំផុតផងដែរ។ មានតែ Max Verstappen ទេដែលកាន់កាប់កំណត់ត្រាកីឡាករវ័យក្មេងបំផុតឈ្នះការប្រណាំង F1 Grand Prix កាលពីឆ្នាំ ២០១៦ នៅព្រឹត្តិការណ៍ Spanish Grand Prix ក្នុងវ័យ ១៨ ឆ្នាំ។ Antonelli បានចាប់ផ្តើមការប្រណាំងដោយនៅមុខគេតែបានបាត់បង់ទៅវិញដោយក្រុម Ferrari។យ៉ាងណាក្តី Antonelli បានវាយបកយកការនាំមុខភ្លាមៗនិងបានរក្សាការនាំមុខរបស់ខ្លួនរហូតដល់ទីព្រ័ត្រ។ ស្របពេលកីឡាករ Ferrari ទាំងពីរវ៉ាគ្នាទៅវិញទៅមក កីឡាកររបស់ Mercedes មួយរូបទៀត George Russell ក៏បានឆក់យកតំណែងលេខពីរ ខណៈ Lewis Hamilton បានលេខបី ជាលើកដំបូងក្នុងការឈរលើវេទិកាកិត្តិយសតាំងពីផ្លាស់មកកាន់ Ferrari ខណៈ Charles Leclerc លេខបួន។ ចំណែកឯអ្នកការពារជើងឯក Lando Norris និងមិត្តរួមក្រុម Oscar Piastri មិនអាចប្រកួតបានឡើយដោយរថយន្តរបស់ពួកគេមានបញ្ហាប្រព័ន្ធភ្លើង ស្របពេលដែលជើងឯក ៧ សម័យ Max Verstappen ក៏មិនអាចបញ្ចប់ទីដែរដោយសារបញ្ហាម៉ាស៊ីននៅពេលសល់ ១០ ជុំចុងក្រោយ។ ក្រោយការប្រណាំងពីរទីលានដំបូងរដូវកាលថ្មីនេះ George Russell ឈរលើគេមាន ៥១ ពិន្ទុ តាមពីក្រោយបួនពិន្ទុដោយ Kimi Antonelli ខណៈលេខបី Charles Leclerc មាន ៣៤ ពិន្ទុ និងលេខបួន Lewis Hamilton ៣៣ ពិន្ទុ។ ជុំបន្តទៀត F1 នឹងបន្តដំនើរទៅទីលាន Suzuka ប្រទេសជប៉ុនថ្ងៃទី ២៩ ខែមីនាចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ 

ព្រះខ័នរាជស្វាយរៀងនាំមុខភ្នំពេញក្រោន១១ពិន្ទុ ក្រោយឈ្នះអង្គរថាយហ្គឺរ និង​ភ្នំពេញ​ក្រោន​ចាញ់​បឹង​កេត

2026/03/16 05:48:06 pm        228
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានពន្លាតការនាំមុខបន្ថែមទៀតហើយ ដល់ទៅ១១ពិន្ទុ ពេល​ដែល​យកឈ្នះក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ២ទល់នឹង០ ស្របពេល​ដែល​គូ​ប្រជែង​ជើង​ឯក​ដ៏​ស្វិត​ស្វាញ ​ភ្នំពេញក្រោនចាញ់ក្លឹបបាល់ទាត់បឹងកេត ១ទល់នឹង២ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។នៅពហុកីឡដ្ឋានជាតិមរតកតេជោ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ឈ្នះអង្គរថាយហ្គឺរ ២​ទល់​នឹង​០ សប្ដាហ៍ទី២៥។ ជំនួបនេះ ក្រោយលេងបាន១៩នាទី ទើបកីឡាករ DE SOUZA MONTEIRO PATRICK ROBSON ទាត់បញ្ចូលទីឱ្យព្រះខ័នរាជនាំមុខ ១ទល់នឹង០ ពេលដែលកីឡាករ ញាន សុស៊ីដាន បញ្ជួនបាល់ឱ្យ។ក្នុងវគ្គទី២ នាទីទី៧៩ កីឡាករប្រេស៊ីលរូបនេះ បន្ថែមមួយគ្រាប់ទៀតឱ្យក្រុម ពេលដែលកីឡាករ CONOR JON SHIELD កាត់បាល់ទៅឱ្យ។ មកចាប់អារម្មណ៍នៅកីឡដ្ឋានភ្នំពេញក្រោនវិញម្ដង ក្រុមភ្ញៀវបឹងកេត ដណ្ដើម​បាន​បី​ពិន្ទុ​ពី​ម្ចាស់​ផ្ទះ ​ក្រោន បន្ទាប់ពីយកឈ្នះ ២ទល់នឹង១។ លេង​បាន​៧នាទី បឹងកេតផ្ដើមនាំមុខភ្នំពេញក្រោន ពេលកីឡាករ ម៉ាត់ នូរុន ទាត់បញ្ចូលយ៉ាងល្អ ពីការបញ្ជួន​បាល់​របស់កីឡាករប្រេស៊ីល Iago Bento។ នេះជាគ្រាប់​បាល់​តែ​មួយ​គ្រាប់​ដែល​កើត​ឡើង​នៅវ​គ្គទី១។វគ្គទី២ នាទីទី៧៩ កីឡាករ Zabala Louis បានគ្រប់គ្រងបាល់ និងអូសជំនះ​កីឡាករ​បី​រូប​របស់​គូ​ប្រកួត ​ហើយទាត់បញ្ចូលទីបានសម្រេចឱ្យក្រុមរបស់ខ្លួន នាំមុខ ២ទល់នឹង០។ តែ​៧​នាទី​មុន​ចប់​ការ​ប្រកួតកីឡាករ FEHER RAUL-MIHAI ទាត់បាល់ទៅប៉ះជើងអ្នកចាំទីកយ សាលីម ហើយ​បាល់​ផ្លាត​ប៉ះកីឡាករ តាំង ប៊ុនឆៃ ចូលទីបានសម្រេច។ ចប់ការប្រកួត ភ្នំពេញក្រោន​ចាញ់​បឹង​កេត ​១ទល់នឹង២។ តាមរយៈលទ្ធផលនេះ ព្រះខ័នរាជស្វាយរៀង បន្តឈរនៅ​ចំណា​ត់​ថ្នាក់​លេខ​១​ក្នុង​តារាង​ជើង​ឯក​បាល់​ទាត់​ជាតិកម្ពុជា ក្រោយ២៣ប្រកួតមាន ៥៩ពិន្ទុ (ឈ្នះ១៩ ស្មើ១ ចាញ់៣) និង ភ្នំពេញ​ក្រោន​លេខ​២ ២៣ប្រកួតមាន៤៧ពិន្ទុ (ឈ្នះ១៤ ស្មើ៥ ចាញ់៤)។ចំណែកក្លឹប​បាល់​ទាត់ណាហ្កាវើដល៍ បានយកឈ្នះក្លឹបបាល់ទាត់ អឹមអូអាយកំពង់ដេវ៉ា ២​ទល់​នឹង​០ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ៣ ជាមួយ៣៩ពិន្ទុដូចគ្នានឹងបឹងកេត។ ជំនួប​រវាង​ក្រុមទាំងពីរវគ្គទី១មិនមានគ្រាប់បាល់កើតឡើងនោះទេ។ តែនៅវគ្គទី​២​នាទី​ទី៥៥​កីឡាករ​ Weyderson Denilson ក៏ទាត់បញ្ចូលទីគ្រាប់នាំមុខឱ្យក្រុមមុនពេលដែលកីឡាករ Oliveira De Paula Lucas បន្ថែមគ្រាប់បាល់ទីពីឬឱ្យក្រុមនៅនាទីទី៨៥។ ចុងសប្ដាហ៍នេះ សម្រាប់ការប្រកួតតំបន់ប្រជែងជើងឯកនេះ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ក្លឹប​បាល់​ទាត់​បឹងកេត ទទួលព្រះខ័នរាជស្វាយរៀងនៅភ្នំពេញ ណាហ្កាវើដល៍ ទទួល​ភ្នំពេញ​ក្រោន​នៅ​កំពង់ស្ពឺ និងអង្គរថាយហ្គឺរ ទទួលអឹមអូអាយកំពង់ដេវ៉ា នៅខេត្តសៀមរាប៕

ព្រឹត្តិការណ៍«នគរសង្ក្រាន្ត»​ អបអរពិធីបុណ្យចូលឆ្នាំខ្មែរនឹងមានការប្រកួតអុកចត្រង្គ ដែល​ជាប្រភេទកីឡាព្រលឹងវប្បធម៌ខ្មែរ

2026/03/13 06:45:22 pm        191
ក្រុមការងារអុកចត្រង្គនៃព្រឹត្តិការណ៍នគរសង្ក្រាន្តបានប្រកាសជូនដំណឹងដល់សាធារណជន សិស្សា នុសិស្ស កីឡាករ កីឡាការិនីអុកចត្រង្គចូលរួមប្រកួតកីឡាអុកចត្រង្គ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខណៈអុកចត្រង្គ ជាប្រភេទកីឡាអត្តសញ្ញាណព្រលឹងវប្បធម៌ខ្មែរ។ក្រុមការងារអុកចត្រង្គនៃព្រឹត្តិការណ៍នគរសង្ក្រាន្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាបានឱ្យដឹងថា ដោយសហការរៀបចំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជានឹងរៀបចំការប្រកួតកីឡាអុកចត្រង្គ កម្រិតសាធារណជន និងកម្រិតកុមារ ដើម្បីចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃ «ព្រឹត្តិការណ៍នគរសង្ក្រាន្ត» ខាងមុខនេះ។ សាធារណជន និងសិស្សានុសិស្ស ដែលមានបំណងចូលរួមប្រកួតត្រូវបានកំណត់នូវលក្ខខណ្ឌសំខាន់ៗមួយចំនួន ដូចជា កីឡាករ កីឡាការិនីសញ្ជាតិខ្មែរ មានសុខភាពល្អ និងមានស្មារតីមោះមុតក្នុងការប្រកួត សិស្សានុសិស្ស អាយុចន្លោះ៨ឆ្នាំ ទៅ១២ឆ្នាំ ដោយអាចចុះឈ្មោះចូលរួម នៅលេខាធិការដ្ឋាន ស.ស.យ.ក. រាជធានី-ខេត្ត ឬនៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឬអាចចុះឈ្មោះតាមប្រព័ន្ធអនឡាញផងដែរ។ចំពោះកាលបរិច្ឆេទទទួល និងឈប់ទទួលពាក្យចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះតទៅ និងបញ្ចប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ ចំពោះកាលបរិច្ឆេទការប្រកួត (វគ្គជម្រុះ) ពីថ្ងៃទី២៥-២៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រាជធានីភ្នំពេញ។ដូច្នេះ គណៈកម្មការរៀបចំសូមអំពាវនាវដល់សាធារណជន និងសិស្សានុសិស្ស ដែលមានបំណងចង់បញ្ចេញសមត្ថភាព និងទេព កោសល្យ សូមរួសរាន់ចុះឈ្មោះដាក់ពាក្យចូលរួមប្រកួតតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់ឱ្យបានច្រើនកុះករ៕

កីឡាការិនី ហែម រីតាដាវីណា ចូលរួមការប្រកួត 56th Singapore Ages Group Swimming Championships 2026 នៅសិង្ហបូរី

2026/03/13 06:38:53 pm        239
សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានបញ្ជូនគ្រូបង្វឹក និងកីឡាការិនី ចំនួន២ រូបទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកកុមារ ជ្រើសរើសជើងឯកលើកទី៥៦ ឆ្នាំ២០២៦ “56th Singapore Ages Group Swimming Championships 2026” នៅប្រទេសសិង្ហបូរី តាមការអញ្ជើញ របស់សហព័ន្ធកីឡាហែលទឹកប្រទេសសិង្ហបូរី ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក និងជាគ្រូបង្វឹកបានប្រាប់តាមអនឡាញឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡា 56th Singapore National Age Group Swimming Championships 2025 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ កីឡាការិនី ហែម រីតាដាវីណា មាន អាយុ ៩ ឆ្នាំ ជាំកីឡាការិនីតំណាងក្លឹបព្រឹទ្ធាចារ្យ ហែម ថុន និងជាតំណាងឲ្យកម្ពុជា ប្រកួតលើប្រភេទកីឡាហែលទឹកកម្រិតអាយុ ៩-១០ ឆ្នាំ។ លោកអគ្គលេខាធិការ សហព័ន្ធខ្មែរហែលទឹក បានបន្តថា ការប្រកួតនេះជាការប្រកួតបើទូលាយ ដែលបើកឲ្យកីឡាករ-កីឡាការិនី ជាកុមារា-កុមារីប្រទេសដទៃ ចូលរួមប្រកួត ដើម្បីជំរុញការអភិឌ្ឍន៍វិស័យកីឡាហែលទឹក ។ ការប្រកួតនេះ សហព័ន្ធ ចង់ទទួលបានបទពិសោធន៍ការប្រកួតកម្រិតអន្តរជាតិឲ្យបានច្រើន ហើយរាល់ការចំណាយទំាងអស់ ជាបន្ទុករបស់អាណាព្យាបាល កីឡាការិនីផ្ទាល់តែម្តង។ សូមបញ្ជាក់ថា រៀងរាល់ឆ្នាំសហព័ន្ធតែងតែរៀបចំ ការប្រកួតហែលទឹកកុមារ ( KSF chil dren’s Swimming Competition) ដោយការប្រកួតនេះដើម្បីកុមារា-កុមារីជាក្រុមកីឡាករ-កីឡាការិនី យល់ដឹងកាន់តែច្បាស់ពីរបៀបប្រកួត និងការចម្រាញ់ រកអត្តពលិកឆ្នើមៗរបស់សហព័ន្ធ ក្នុងការពិនិត្យមើលសមត្ថភាពក្រុមកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេង ដែលធនធាននាពេលអនាគត៕

ស៊ុយអែតបន្តកិច្ចសន្យាឱ្យលោក Graham Potter ដឹកនាំក្រុមជម្រើសជាតិដល់ឆ្នាំ ២០៣០

2026/03/13 06:24:17 pm        264
សហព័ន្ធបាល់ទាត់ស៊ុយអែតបានសម្រេចបន្តកិច្ចសន្យាឱ្យគ្រូបង្គោល Graham Potter បន្តដឹកនាំក្រុមជម្រើសជាតិដល់ឆ្នាំ ២០៣០ ទោះបីស៊ុយអែតមិនទាន់ដឹងថាបានកៅអី World Cup រឺក៏អត់នៅឡើយ។បុរសវ័យ ៥០ ឆ្នាំអតីតអ្នកចាត់ការ West Ham, Chelsea និង Brighton រូបនេះ បានចូលមកកាន់តំណែងនេះបន្តពីលោក Jon Dahl Tomasson កាលពីខែតុលាក្នុងកិច្ចសន្យារយៈពេលខ្លី។ ស៊ុយអែតអាចមានកៅអី World Cup បានតែមិនមែនជាការប្រកួតវិលជុំឡើយ ដោយពួកគេត្រូវលេងវគ្គ Play-Off ទល់នឹងអ៊ុយក្រែន មុនបន្តជួបក្រុមឈ្នះរវាងប៉ូឡូញរឺអាល់បានី។ រំលឹកថាលោក Graham Potter មុនមកកាន់តំណែងស៊ុយអែត កាលពីខែកញ្ញាលោកត្រូវបាន West Ham បញ្ចប់តំណែងក្រោយដឹកនាំក្រុមចាប់ផ្តើមរដូវកាលថ្មី Premier League មិនជោគជ័យ។ យ៉ាងណាក្តីបទពិសោធធ្លាប់ដឹកនាំក្លិបស៊ុយអែត Ostersund ពីក្របខណ្ឌទីបួនរហូតឡើងមកដល់ក្របខណ្ឌកំពូល ធ្វើឱ្យលោក Graham Potter បានទទួលការទុកចិត្តឱ្យដឹកនាំក្រុមជម្រើសជាតិទោះក្នុងពេលក្រុមមានការលំបាកនៅវគ្គជម្រុះ World Cup ក៏ដោយ៕ អត្ថបទ៖នាង សុភាវុធ

Mondo Duplantis បំបែកកំណត់ត្រាលោតកំពស់ដោយប្រើថ្នោលលើកទី ១៥

2026/03/13 06:15:10 pm        173
អត្តពលិកស៊ុយអែត Mondo Duplantis ជាថ្មីម្តងទៀតបានបំបែកកំណត់ត្រាលោតបានខ្ពស់បំផុតនៅវិញ្ញាសាលោកកំពស់ដោយប្រើថ្នោលនៅក្នុងព្រឹត្តិការណ៍ប្រកួត Mondo Classic ក្នុងទឹកដីរបស់ខ្លួន។ម្ចាស់មេដាយមាសអូឡាំពិក និងជាជើងឯកពិភពលោករូបនេះ មិនមានឧបសគ្គអ្វីទាំងអស់ក្នុងការលោតបានកំពស់ខ្ពស់បំផុតជាកំណត់ត្រារបស់ខ្លួន ៦.៣១ ម៉ែត្រ ពោលគឺចាប់ផ្តើមការលោតដំបូងកំពស់ ៥.៦៥ ម៉ែត្រ លើកទីពីរ ៥.៩០ ម៉ែត្រ លើកទីបី ៦.០៨ ម៉ែត្រ និងលើកទីបួន ៦.៣១ ម៉ែត្រដោយជោគជ័យ។នេះជាលើកទី ១៥ ហើយដែល Duplantis បានបំបែកកំណត់ត្រាខ្លួនឯងតាំងពីកំណត់ត្រាដំបូងកើតឡើងនៅឆ្នាំ ២០២០ ដោយលើកនេះបានបំបែកកំណត់ត្រាចាស់ខ្ពស់ជាង ១ សង់ទីម៉ែត្រ។ កីឡាករន័រវេស Sondre Guttormsen បានលេខពីរនៅព្រឹត្តិការណ៍នេះលោតបាន ៦ ម៉ែត្រគត់ ខណៈលេខបីបានទៅកីឡាករអាមេរិក Zachrey Bradford លោតបាន ៥.៩ ម៉ែត្រដូចគ្នានឹងមិត្តរួមជាតិ Sam Kendricks និងកីឡាករអូស្រ្តាលី Kurtis Marshall សុទ្ធតែលោតបានកំពស់ ៥.៩ ម៉ែត្រដូចគ្នា៕ អត្ថបទ៖នាង សុភាវុធ

NOCC ពិចារណាផែនការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មី នៅកោះរ៉ុង

2026/03/13 06:09:27 pm        131
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននឹងកំពុងពិចារណាផែនការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងថ្មីមួយ នៅកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីពង្រីក និងផ្សព្វផ្សាយសក្ដានុពេលទេសចរណ៍តំបន់កោះដ៏ស្រស់ស្អាតមួយនេះ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហើប កាលពីថ្មីៗថា បន្ទាប់ពីរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមីនាខាងមុខ ឯកឧត្តម និងដឹកនាំក្រុមការងារជំនាញ ទៅពិនិត្យស្ថានភាពផ្លូវ នៅកោះរ៉ុង ក្រោមកិច្ចសហការ និងសម្របសម្រួលពីរដ្ឋបាលខេត្ត។ឯកឧត្តមបន្ដថា ជាការពិតការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ពិសេសកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុង  និងម៉ារ៉ាតុង សុទ្ធតែផ្ដល់នូវផលចំណាយច្រើន ក្នុងការផ្សាភ្ជាប់គោលដៅទេសចរណ៍នានា ប៉ុន្ដែសម្រាប់គម្រោងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង នៅកោះរ៉ុង ក្នុងនាមគណៈកម្មការជំនាញ ចាំបាច់ត្រូវសិក្សាឲ្យបានល្អិតល្អន់ ជាពិសេសមធ្យោបាយធ្វើដំណើរពីដីគោក ទៅកោះ និងស្នាក់នៅជាដើម។យ៉ាងណាមិញឯកឧត្តមទទួលស្គាល់ថា កោះរ៉ុងពិតជាមានសក្ដានុពល និងហេដ្ឋារចនាសម្ព័ន្ធល្អ ដែលអាចរៀបចំកម្មវិធីរត់ប្រណាំងបាន ដូចដែលរដ្ឋបាលខេត្តធ្លាប់បានរៀបចំសាកល្បងម្ដងរួចមកហើយ ដោយបានទាក់ទាញអ្នកចូលរួមជាង ១ពាន់នាក់ ។ គួរផ្សំមានភ្ញៀវទេសចរបរទេសរស់នៅកោះរ៉ុងច្រើនផង ឯកឧត្តមថា ប្រសិនបើការត្រួតពិនិត្យទៅរលូន ហើយអាចរៀបចំព្រឹត្តិការណ៍នេះ នឹងអាចទាក់ទាញអ្នកចូលរួមកាន់តែច្រើនថែមទៀត ដែលទាមទារឲ្យគណៈកម្មការរៀបចំ ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព នៃការធ្វើដំណើរ។គួរដឹងថា ចំពោះមុខនាពេលឆាប់ៗខាងមុខ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅឆ្នេរអូឈើទា ជាមួយការពង្រីកតម្រាយផ្លូវតាមឆ្នេរកាន់តែវែង ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកចូលរួម ហើយទៅថ្ងៃអនាគត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មានគម្រោងពង្រីកព្រឹត្តិការណ៍នេះ ទៅជាព្រឹត្តិការណ៍ម៉ារ៉ាតុង ចម្ងាយ ៤២គីឡូម៉ែត្រទៀតផង៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជ និងភ្នំពេញក្រោន ត្រូវធ្វើការងារធ្ងន់ក្នុងលីគចុងសប្ដាហ៍នេះ

2026/03/13 05:58:57 pm        213
ក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងត្រូវធ្វើការងារធ្ងន់រៀងៗខ្លួន ក្នុង​ជំនួប​លីគ​កំពូល​កម្ពុជា ​សប្ដាហ៍ទី២៥ នាថ្ងៃទី១៥ ខែមីនាចុងសប្ដាហ៍នេះ បន្ទាប់ពីក្រុមទាំងពីរ ទើប​បញ្ចប់​ការ​ប្រកួត​ជើង​ទី២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League 2025/26 ​កាល​ពីយប់មិញ។សម្រាប់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមភ្ញៀវអង្គរថាយហ្គឺរ នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ខណៈភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមបឹងកេត ។ រីឯជំនួប Top-6 មួយប្រកួត​ទៀត ​គឺក្រុមណាហ្គាវើលដ៏ ត្រូវជួបក្រុមកំពុងឡើងជើង អឹមអូអាយ កំពុងដេវ៉ា នៅកីឡដ្ឋានវិសាខា នាល្ងាចថ្ងៃអាទិត្យដូចគ្នា។ចំពោះលទ្ធផលការប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង គឺបានស្មើណាហ្គាវើលដ៏ ១-១ គ្រាដែលភ្នំពេញក្រោន ចាញ់ អឹមអូអាយ កំពង់ដេវ៉ា ២-១។ លទ្ធផលនេះ បានធ្វើឲ្យគម្លាតពិន្ទុរវាងក្រុមលំដាប់កំពូលតារាងទាំងពីរ កាន់តែដាច់ឆ្ងាយ ដោយព្រះខ័នរាជស្វាយរៀង មាន ៥៥ពិន្ទុ គ្រាដែលភ្នំពេញក្រោន មាន ៤៧ពិន្ទុ។ដូច្នេះការប្រកួតថ្ងៃអាទិត្យនេះ សុទ្ធតែជាប្រកួតសំខាន់ ពិសេសភ្នំពេញក្រោន ដែលកំពុងចាញ់ប្រៀប ៨ពិន្ទុពីក្រុមកំពូលតារាង ត្រូវការជ័យជម្នះចាំបាច់ ដើម្បីរក្សាឱកាស ខណៈព្រះខ័នរាជស្វាយរៀង ក៏ត្រូវការឈ្នះដូចគ្នា ដើម្បីពង្រឹងកៅអីកំពូលតារាង និងឈានទៅគ្រងតំណែងជើងឯកជាថ្មី ស្របពេលបច្ចុប្បន្នក្រុមនីមួយៗ សល់ ៨ប្រកួតក្នុងដៃស្មើគ្នា។ចំណែកការប្រកួតរវាងបេក្ខភាពខាងក្រោមទាំង ៥ ឬ Bottom-5 វិញ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនាស្អែក ដោយក្រុមវិសាខា ត្រូវបើកទ្វារផ្ទះទទួលក្រុម ISI ដង្កោសែនជ័យ និងក្រុមឡាយហ្វខេត្តព្រះសីហនុ ត្រូវជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ នាវេលាម៉ោង ៦ល្ងាចដូចគ្នា៕ អត្ថបទ លី ឈុនឡា

វិសាខា តាំងចិត្តខ្ពស់ ក្រោយទទួលបានដៃគូឧបត្ថម្ភធំថ្មី

2026/03/13 05:47:49 pm        654
ក្លិបបាល់ទាត់ វិសាខា បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្ដបេសកកម្មអភិវឌ្ឍ និងការប្រកួតប្រជែង ដើម្បីឆ្ពោះទៅដណ្ដើមពានរង្វាន់នានា ក៏ដូចជាមានឱកាសទៅលេងពានរង្វាន់អន្ដរជាតិ ក្រោយទទួលបានដៃគូឧបត្ថម្ភធំថ្មី។នេះបើតាមការលើកឡើងរបស់អគ្គនាយិកាក្លិបកញ្ញា អ៊ូ បញ្ញាសុកិត្យា បន្ទាប់ពីក្លិបបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេស៊ិន & ត្រេឌីង លើភាពជាដៃគូឧបត្ថម្ភធំរបស់ក្លិប ចាប់ពីរដូវកាលឆ្នាំ២០២៦ តទៅ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅកីឡដ្ឋានវិសាខា។ក្នុងនាមថ្នាក់ដឹកនាំក្លិប កញ្ញាបានសម្ដែងក្ដីរីករាយ ក្រោយទទួលបានដៃគូឧបត្ថម្ភធំថ្មី ដែលជាជំហានដ៏៏សំខាន់សម្រាប់ការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ដែលនឹងជំរុញដំណើរការអភិវឌ្ឍក្លិបកាន់តែប្រសើរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ហើយក្លិបក៏តាំងចិត្តនឹងបន្ដការខំប្រឹងកាន់តែខ្លាំង ដើម្បីឈ្នះពានរង្វាន់នានា ហើយបានទៅលេងពានរង្វាន់អន្ដរជាតិ ហើយនាំកេរ្ដិ៍ក្រុមហ៊ុនដៃគូទៅកឆាកអន្ដរជាតិផងដែរ។ជាមួយគ្នា លោកស្រី យូ វលក្ខណ៍ អគ្គនាយិកាក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេស៊ិន បានសម្ដែងសេចក្ដីរីករាយ ដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា តាមរយៈក្លិបបាល់ទាត់ វិសាខា ដែលជាវិស័យដ៏មានសារៈសំខាន់ សម្រាប់កសាងនូវធនធានមនុស្ស និងការអភិវឌ្ឍសង្គមជាតិផងដែរ។គួរដឹងថា ក្រោយយទទួលបានដៃគូឧបត្ថម្ភធំថ្មីនេះ វិសាខា គ្រោងនឹងរៀបចំកម្មវិធីជាច្រើន ពិសេសចប់រដូវកាលនេះ ក្លិបគ្រោងរៀបចំពានរង្វាន់ Pre-Season ដ៏ពិសេសមួយ ដើម្បីអបអរសាទរខួប ១០ឆ្នាំនៃការបង្កើតក្លិបផង និងជាការសាទរដល់កិច្ចសហការជាមួយម្ចាស់ឧបត្ថម្ភធំរបស់ខ្លួនផង៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយច្បាប់មនុស្សធម៌ និងការប្រើប្រាស់បដិរូបដល់អ្នកសារព័ត៌មាន
10/28/2026 08:10 PM
កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
10/28/2026 07:10 PM
ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
10/28/2026 07:10 PM
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មអត្តសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
10/28/2026 07:10 PM
លោក Netanyahu ត្រូវបាន​រំពឹង​​ថា មាន​ ៥៤អាសនៈ ខណៈ​​​គូប្រជែង​ ៤៩អាសនៈ ក្រោយ​សន្លឹកឆ្នោត​រាប់​បាន​ ៨៤%
10/28/2026 07:10 PM
រុស្ស៊ី និងអ៊ុយក្រែន បញ្ជាក់ថា គ្មានការរំលោភបទឈប់បាញ់ នៅទីក្រុង Oleshky របស់អ៊ុយក្រែន​ឡើយ
10/28/2026 07:10 PM
លោក Trump បញ្ជាក់​ថា កិច្ចប្រជុំជាមួយ​លោក Zelenskyy និងលោក Putin នឹងត្រូវរៀបចំឡើងឆាប់ៗ
10/28/2026 06:10 PM
លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
10/28/2026 06:10 PM
[BREAKING NEWS] មនុស្សយ៉ាងហោច ៤៦នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅអេស្ប៉ាញ
10/28/2026 06:10 PM
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ ពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម GBC
10/28/2026 06:10 PM