ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
កម្ពុជាត្រៀម ១៣០វិញ្ញាសា ក្នុងការប្រកួតជើងឯកឃីកបុកស៊ីងទ្វីបអាស៊ី ខណៈអត្តពលិក ២៥ប្រទេសត្រៀមចូលរួម
បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹងរកឃើញនៅថ្ងៃពុធនេះ

ព័ត៌មានកីឡា

ព្រះខ័នរាជ ឡើងវគ្គ ១/២ ពានលំដាប់ទី៣ អាស៊ី ជាមួយពាក្យសរសើរ និងការជូនពរ​ពី​គ្រូភ្នំពេញ​ក្រោន

2026/03/13 05:36:37 pm        184
ក្រុមព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃ​ពាន​រង្វាន់​ជើង​ឯក​ក្លិប​បាល់​ទាត់​លំដាប់ទី៣ អាស៊ី AFC Challenge League 2025/26 ក្រោយ​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន ​សរុបទាំង ២ជើង ក្នុងលទ្ធផល ៦-២ បន្ទាប់ពីបន្ដវាយបកឈ្នះ ២-១ ក្នុងជំនួបជើងទី២ នៃ​វ​គ្គ ៨ក្រុមចុងក្រោយ កាលពីរាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរត​ក​តេជោ​។ជំនួបដ៏ស្វិតស្វាញចំពោះមុខអ្នកទស្សនាផ្ទាល់ ១២,១៧៣នាក់នេះ ភ្នំពេញក្រោន នៅតែ​ជា​ក្រុម​រក​បាន​គ្រាប់បាល់នាំមុខមុន ដោយកីឡាករ Moses Dyer នៅនាទី៤៥+៣ ។ បន្ទាប់​មក​ព្រះខ័ន​រាជ​ស្វាយ​រៀង ក៏វាយបកបាន ២គ្រាប់វិញ នៅដើមវគ្គទី២ ដោយកីឡាករ Takasi Odawara ​នៅ​នាទី​៥១​ និងនាទី៦០ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។ក្រោយ​ចប់ការប្រកួតលោក Oleg Starynskyi បានអរគុណកូនក្រុម ដែលខំប្រឹងមិនបោះបង់ ទោះ​បី​លទ្ធផលពីជើងទី១ បានផ្ដល់ផលលំបាក តែពួកគេព្យាយាមដល់វនាទីចុងក្រោយ។ បែប​នេះ​ក្ដី​លោកបានទទួលស្គាល់ពីភាពខ្លាំងរបស់ព្រះខ័នរាជស្វាយរៀង ដែលប្រមូល​ផ្ដុំ​ដោយ​កីឡាករ​ល្អ​ៗ​ និងក្រុមការងារគ្រូដ៏ល្អ ហើយលោកក៏ជូនពរឲ្យក្រុមតំណាងកម្ពុជានេះ ទទួល​បាន​ជោគជ័យ​នៅ​វគ្គ​បន្ដ​ផងដែរ។ដោយឡែកគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក McConkey Matthew ​ក៏​ដូច​ជា​កីឡាករ ​Odawara​ ថា ​ការប្រកួតជើងទី២ នេះ មិនងាយស្រួលនោះទេ រហូតបង្កឲ្យក្រុមមានក្ដីបារម្ភ បន្ទាប់​ពី​ត្រូវភ្នំពេញក្រោននាំមុខ ១គ្រាប់ទៀតផង។ យ៉ាងណាលោកក៏សរសើរកូនក្រុម ដែល​ធ្វើ​បាន​យ៉ាង​ល្អ ហើយលោកនឹងព្យាយាមបន្ថែមទៀត នៅវគ្គបន្ទាប់ ដែលត្រូវជួបក្រុម Manila Digger ​របស់ហ្វីលីពីន។ក្រោយបន្ដយកឈ្នះភ្នំពេញក្រោន ទាំង ២ជើងក្នុងវគ្គ ៨ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង នឹង​ត្រូវជួបក្រុម Manila Digger ជាថ្មី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដ្បិតកាល​ពី​វគ្គ​ចែក​ពូល​ពាន​លំដាប់​ទី​៣ អាស៊ីនេះ ក្រុមទាំងពីរ ធ្លាប់ជួបគ្នាម្ដងរួចមកហើយ នៅពហុកីឡដ្ឋានជាតិ​មរតក​តេជោ ​ដោយលទ្ធផលស្មើគ្នា ២-២។ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងក្រុមខ្លាំងកម្ពុជា និងហ្វីលីពីននេះ នឹងធ្វើឡើង ២ជើង ដើម្បី​កាត់​សេចក្ដីក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយជើងទី១ គ្រោងនឹងប្រកួតនាថ្ងៃទី៩ ខែមេសា នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ និងជើងទី២ ក្រុម Manila Digger ត្រូវធ្វើម្ចាស់ផ្ទះ នៅ​ទឹក​ដី​ហ្វីលីពីន​វិញម្ដង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

Valverde ធ្វើបាន Hat-Trick ក្នុងវគ្គទីមួយខណៈ Real Madrid ឈ្នះ Manchester City ៣-០ ជើងទីមួយ

2026/03/12 10:01:24 pm        226
Federico Valverde ស៊ុតបញ្ចូលទីបីគ្រាប់ម្នាក់ឯក Hat-Trick នៅក្នុងវគ្គទីមួយជួយឱ្យ Real Madrid កាន់ជ័យជនះយ៉ាងកក់ក្តៅ ៣-០ លើ Manchester City មុនត្រលប់ទៅជើងទីពីរ។ក្រុមរបស់លោក Pep Guardiola ចាប់ផ្តើមការប្រកួតជើងទីមួយនៅទីក្រុង Madrid នេះជាក្រុមមានប្រៀប តែការវាយបកនៅពេល Federico Valverde រកបានគ្រាប់ដំបូងពីការប៉ះបញ្ជូនដោយអ្នកចាំទី Thibaut Courtois សម្រេចទីនៅនាទីទី ២០។ ៧ នាទីបន្ទាប់ Vinicius Junior ប៉ះបញ្ជូនឱ្យកីឡាករអ៊ុយរូហ្កាយដដែលសម្រេចដោយជើងឆ្វេងនាំមុខ ២-០ នៅនាទីទី ២៧ មុនពេលគ្រាប់បាល់ទីបីសម្រេចនៅនាទីទី ៤២។ ៣-០ នេះបានរក្សាដល់ ៩០ នាទីគ្មានការកែប្រែមានន័យថាក្រុមរបស់លោក Pep Guardiola ត្រូវធ្វើការងារធ្ងន់នៅជើងទីពីរ។ បរាជ័យរបស់ Manchester City នេះដែរមានន័យថាក្រុមអង់គ្លេសទាំងអស់ដែលមកដល់វគ្គ ១៦ ក្រុមចុងក្រោយ សុទ្ធតែគ្មានក្រុមស្រនុកសុខស្រួលនៅជើងទីពីរ រឺប្រឈមធ្លាក់ទាំងអស់ក៏ថាបាន។ ក្រៅពី Man City ចាញ់នៅផ្ទះ Real Madrid ៣-០ ក្រុមអង់គ្លេសផ្សេងទៀតសុទ្ធតែមិនឈ្នះរួមមាន Chelsea ចាញ់នៅផ្ទះ PSG ៥-២ Tottenham Hotspur ចាញ់នៅផ្ទះ Atletico Madrid ៥-២ Liverpool ចាញ់នៅផ្ទះ Galatasaray ១-០ និងមានតែ Arsenal មួយប៉ុណ្ណោះដែលស្មើ។ រំលឹកដែរថា ២០២២-២៣ ជារដូវកាលមួយដែលក្រុមអង់គ្លេសទាំងអស់មានមុខនៅវគ្គ ១៦ ក្រុម តែឆ្លងផុតមិនផុតទាំងអស់៕អត្ថបទ៖នាង សុភាវុធ

ក្រុមការពារជើងឯក PSG កាន់បីគ្រាប់ចំនេញក្រោយឈ្នះ Chelsea ៥-២ ជើងទីមួយ

2026/03/12 09:55:14 pm        155
ក្រុមការពារតំណែងជើងឯក Paris Saint Germain បានយកឈ្នះក្រុមភ្ញៀវអង់គ្លេសតោខៀវ Chelsea ៥-២ ក្នុងជំនួបជើងទីមួយនៃវគ្គ ១៦ ក្រុមចុងក្រោយ Champions League នៅទីក្រុងប៉ារីស។កំហុសរបស់អ្នកចាំទីដៃទីពីរ Chelsea, Filip Jorgensen បានធ្វើឱ្យការប្រកួតក្រឡាប់ចាក់បន្ទាប់ពីក្រុមទាំងពីរ មានសភាពប្រហាក់ប្រហែលគ្នា។ Bradley Barcola បើកការនាំមុខឱ្យ PSG នៅនាទីទី ១០ តែ Malo Gusto ក៏ឆ្លើយតបវិញតាមស្មើឱ្យ Chelsea នៅនាទីទី ២៨ មុនពេលដែល PSG ត្រលប់មកនាំមុខវិញនៅនាទីទី ៤០ ដោយ Ousmane Dembele មុនចប់វគ្គទី ១។ Enzo Fernandez ជាអ្នកស៊ុតតាមស្មើ ២-២ ឱ្យ Chelsea នៅនាទីទី ៥៧ តែកំហុសរបស់បច្ចេកទេសរបស់អ្នកចាំទី Chelsea, Filip Jorgensen ធ្វើឱ្យ Vitinha រកបានគ្រាប់បាល់នាំមុខសាជាថ្មីឱ្យ PSG។ កីឡាករបម្រុង Kvaratskhelia ដែលប្តូរចូលជំនួស Desire Doue បានក្លាយជាតួឯកក្នុងការប្រកួតនេះបន្ទាប់ពី រកបានពីរគ្រាប់ម្នាក់ឯងនៅនាទីទី ៨៦ និង ៩០+៤។ ចប់ការប្រកួតក្រុមរបស់លោក Luis Enrique យកឈ្នះ ៥-២ ខណៈ Chelsea ត្រូវត្រលប់ទៅទឹកដីរបស់ខ្លួនវិញ ត្រូវការ ៣ គ្រាប់នៅ Stamford Bridge សប្តាហ៍ក្រោយ៕ អត្ថបទ៖នាង សុភាវុធ

Bodo/Glimt បន្តបង្កភាពភ្ញាក់ផ្អើលនៅអឺរ៉ុបក្រោយឈ្នះ Sporting ៣-០ ជើងទីមួយ

2026/03/12 09:44:09 pm        175
ក្រុមបាល់ទាត់ន័រវេស Bodo/Glimt នៅតែបន្តបង្កភាពភ្ញាក់ផ្អើលរបស់ខ្លួននៅអឺរ៉ុបក្រោយយកឈ្នះក្រុមភ្ញៀវ Sporting ៣-០ ជើងទីមួយវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League។នេះជាជ័យជំនះ ៥ ប្រកួតជាប់គ្នាសម្រាប់ Bodo/Glimt ដែលទើបបង្ហាញខ្លួនលើកដំបូងនៅ Champions League នេះ។ Bodo/Glimt លេងមិនឈ្នះការប្រកួត ៦ ប្រកួតដំបូងនៅវគ្គវិលជុំ មុនពេលឈ្នះពីរប្រកួតចុងក្រោយលើ Manchester City និង Atletico Madrid ទទួលបានកៅអី Play-Off មុនបន្តយកឈ្នះជើងឯករងឆ្នាំមុន Inter Milan ទាំងទៅទាំងមកទទួលបានកៅអីវគ្គ ១៦ ក្រុមនេះ។ ក្រុមរបស់លោក Kjetil Knutsen បានដាក់ ១១ នាកដំបូងដដែលដូចពេលឈ្នះក្រុមធំៗមុនៗ ហើយ ១១ នាក់ដដែលនេះក៏នៅតែមានប្រសិទ្ធភាព។ Soundre Fet រកបានគ្រាប់ដំបូងឱ្យក្រុមម្ចាស់ផ្ទះដោយបាល់ពិន័យ ១១ ម៉ែត្រមុនពេល Ole Blomberg បន្ថែមមួយគ្រាប់ទៀតចុងវគ្គទីមួយ ហើយខ្សែប្រយុទ្ធ Kasper Hoge ជាអ្នកសម្រេចគ្រាប់បាល់ចុងក្រោយឱ្យ Bodo/Glimt ឈ្នះយ៉ាងកក់ក្តៅ ៣-០ លើ Sporting។ Bodo/Glimt នឹងត្រលប់ទៅកាន់ទឹកដីព័រទុយហ្កាល់វិញសប្តាហ៍ក្រោយដើម្បីសម្រេចជោគវាសនារបស់ខ្លួននៅអឺរ៉ុប ខណៈជ័យជំនះនឹងធ្វើឱ្យពួកគេទៅវគ្គ ៨ ក្រុមចុងក្រោយជួប Leverkusen រឺ Arsenal៕ អត្ថបទ៖នាង សុភាវុធ

បាល់ពិន័យ ១១ ម៉ែត្រសម្រេចដោយ Havertz សង្គ្រោះ Arsenal ពីបរាជ័យនៅទឹកដី Leverkusen

2026/03/12 09:35:01 pm        150
ខ្សែប្រយុទ្ធអាល្លឺម៉ង់ Kai Havertz ក្លាយជាអ្នកសង្គ្រោះក្រុមកំពូលនៅអង់គ្លេសកាំភ្លើងធំ Arsenal ពីបរាជ័យនៅទឹកដី Leverkusen បន្ទាប់ពីស៊ុតបាល់ពិន័យ ១១ ម៉ែត្រចុងម៉ោងតាមស្មើ ១-១ ជើងទីមួយវគ្គ ១៦ ក្រុម។ កីឡាករអាល្លឺម៉ង់រូបនេះ ធ្លាប់ចំណាយពេល ១០ ឆ្នាំជាមួយ Leverkusen មុនពេលផ្លាស់មកកាន់ Chelsea នៅឆ្នាំ ២០២០ ក្នុងតម្លៃ ៧១ លានផោន។ Robert Andrich រកបានគ្រាប់នាំមុខឱ្យ Leverkusen នៅនាទីទី ៤៦ តែតបញ្ចូលទីពីបាល់ជ្រុងរបស់ Alex Grimaldo និងជាលើកដំបូងដែល Arsenal ត្រូវបានគេនាំមុខមុនរដូវកាលនេះ។ក្រុមរបស់លោក Mikel Arteta មកដល់ការប្រកួតនេះជាមួយនឹងស្ថិតិល្អឥតខ្ចោះឈ្នះ ៨ ប្រកួតពេញនៅ Champions League តែពួកគេប៊ិះនឹងស្គាល់បរាជ័យលើកដំបូងទៅហើយ។ Noni Madueke ត្រូវបានបង្អាក់ដំណើរដោយខ្សែការពារ Leverkusen, Malik Tillman ធ្វើឱ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ ១១ ម៉ែត្រទៅកាន់ Arsenal។Kai Havertz មិនភ្លាត់ឡើយក្នុងការស៊ុតបាល់ ១១ ម៉ែត្រឱ្យ Arsenal តាមស្មើអតីតក្រុមរបស់ខ្លួន ១-១ នៅនាទីទី ៨៩។Arsenal នៅពេលនេះបាត់បង់កំណត់ត្រាឈ្នះជាប់រហូតនៅ Champions League រដូវកាលនេះ តែហោចណាស់ក៏ពួកគេជាក្រុមមានប្រៀប និងមានឱកាសឡើងវគ្គបន្តនៅពេលត្រលប់ទៅទឹកដី Emirate សប្តាហ៍ក្រោយ៕ អត្ថបទ៖នាង សុភាវុធ

សហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ

2026/03/12 09:27:44 pm        196
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រកាសជូនដំណឹងដល់ក្រសួង រាជធានី-ខេត្ត សមាគម-ក្លឹបកីឡាវាយកូនបាល់ទាំងអស់ថា សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែមីនា ឆ្នាំ២០២៦ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ។លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានគូសបញ្ជាក់ថា តាមផែនការប្រចាំឆ្នាំរបស់សហព័ន្ធ ចំពោះការប្រកួតកម្រិតខ្ពស់ថ្នាក់ជាតិនេះ សហព័ន្ធត្រៀមរៀបចំវិញ្ញាសាចំនួន៤ រួមមាន៖ វាយឯកត្តជនបុរស-នារី វាយគូបុរស និងវិញ្ញាសាយុវជនអាយុក្រោម១៨ឆ្នាំ។ ចំពោះការទទួលពាក្យចុះឈ្មោះចូលរួមប្រកួតរបស់សមាគម-ក្លឹបនានាគ្រោងនឹងបញ្ចប់នាថ្ងៃទី១៤ ខែមីនាខាងមុខ។អគ្គលេខាធិការរងរូបនេះបន្ថែមថា គ្រប់សមាសភាពកីឡាករ កីឡាការិនី ក្លឹប-សមាគមទាំងអស់ដែលបានចុះឈ្មោះចូលរួមនឹងត្រូវមកជួបជុំគ្នា នៅរសៀលថ្ងៃទី១៥ ខែមីនា ដើម្បីប្រជុំបច្ចេកទេស និងចាប់ឆ្នោត។ ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិនេះប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនផែនការអភិវឌ្ឍន៍ប្រភេទកីឡាអូឡាំពិកដ៏ពេញនិយមមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសជ្រើសរើសធនធានកីឡាករ កីឡាការិនីឆ្នើមៗ ត្រៀមជ្រើសរើសដាក់បញ្ជូលក្នុងក្រុមជម្រើសជាតិ ត្រៀមការប្រកួតអន្តរជាតិនានា នាពេលខាងមុខផងដែរ។គួររំលឹកថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាតែងរៀបចំទទួលរៀបចំការប្រកួតកីឡាវាយកូនបាល់អាស៊ី វគ្គជម្រុះតំបន់ ក៏ដូចជារៀបចំព្រឹត្តិការណ៍អន្តរជាតិនានាជាបន្តបន្ទាប់ ដោយតែងតែបានផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីរបស់ខ្លួនបានដកពិសោធន៍បង្កើនគុណភាពបច្ចេកទេសជាមួយអត្តពលិកមកពីបណ្តាប្រទេសនានា។ ចំពោះការចូលរួមប្រកួតរបស់អត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍អន្តរជាតិត្រូវបានលោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាចាត់ទុកថា ការធ្វើម្ចាស់ផ្ទះពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនជាមួយនឹងការផ្តល់សេចក្តីទុកចិត្តពីសហព័ន្ធវាយកូនបាល់អន្តរជាតិ និងរិតចំណងមិត្តភាព សាមគ្គីភាពជាមួយបណ្តាប្រទេសចូលរួម ព្រមទាំងផ្តល់ឱកាសដល់អត្តពលិកកម្ពុជាទាំងឈុតយុវជន និងឈុតធំបានដកពិសោធន៍ក្នុងការប្រកួតលក្ខណៈអន្តរជាតិ។ បើចង់អភិវឌ្ឍសមត្ថភាពរបស់អត្តពលិកយើង នោះត្រូវផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមប្រកួតឱ្យបានកាន់តែច្រើន គឺកាន់តែល្អប្រសើរ៕

សហព័ន្ធកីឡាបញ្ចស៊ីឡាត់ប្រកាសរៀបចំការប្រកួតជើងឯកជាតិលើកទី២ ចម្រាញ់រកអត្តពលិកឆ្នើម

2026/03/12 05:56:23 pm        407
សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦ មានរយៈពេល ២ ថ្ងៃ នាចុងសប្តាហ៍នេះ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើមនៅត្រៀមចូលរួម The 22 ASEAN UniversityGames ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជាបានឲ្យដឹងថា ការប្រកួត កីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦នេះ ត្រូវបានធ្វើោឡើងក្រោមការចង្អុលបង្ហាញរបស់ ប្រធានសហព័ន្ធ និងសមាជិកប្រតិបត្តិសហព័ន្ធបានជំរុញឲ្យខានតែបានសម្រាប់រៀបចំការប្រកួតជើងឯកថ្នាក់ជាតិដើម្បីជាការបោះជំហានមួយទៀតក្នុង ប្រមូលផ្តុំអត្តពលិកមានទេពកោសល្យក្នុងការលេងប្រភេទកីឡានេះ និងផ្សព្វផ្សាយកីឡាបញ្ចស៊ីឡាត់ឲ្យកាន់តែសុះសាយនៅប្រទេសកម្ពុជា។លោកអគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា នេះជាឆ្នាំទី២ហើយដែលសហព័ន្ធរៀបចំការប្រកួតនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៤ -១៥ ខែមីនា ឆ្នាំ២០២៦ ដោយសារឆ្នាំទី១ គណៈកម្មាការ រៀបចំការប្រកួតទទួលបានការចូលរួមចុះឈ្មោះត្រឹមតែចំនួន២២ សាលាគុន មកពី៩ រាជធានីខេត្ត ក្នុងនោះមាន ខេត្តព្រៃវែង កណ្តាល កំពង់ឆ្នាំង រតនគីរី បន្ទាយមានជ័យ សៀមរាប តាកែវ បាត់ដំបង និងរាជធានីភ្នំពេញ។ ហើយអត្តពលិកចូលរួមមានចំនួន ១២៧រូប រួមមានកីឡាការិនី ៤១ រូប កីឡាករ ៨៦ រូប ប្រតិភូគ្រូបង្វឹក ៣០រូប មន្ត្រីបច្ចេកទេស ៣០រូប និង-ក្រុមការងារទទួលបន្ទុកការអនុគណៈកម្មាការនីមួយៗចំនួន២៥រូប។លោក អ៊ួ តារា បានបញ្ជាក់ទៀតថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះត្រូវបានថ្នាក់ដឹកនាំសហព័ន្ធខិតខំជំរុញកីឡាបញ្ចស៊ីឡាត់នេះឱ្យមានការរីកចម្រើន ដើម្បីចេញទៅប្រកួតនៅក្រៅប្រទេសអាចដណ្តើមមេដាយជូនប្រទេសជាតិ។សូមបញ្ជាក់ថា ការប្រកួតខាងលើនេះមានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៤ និង១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ក្នុងគោលបំណងដើម្បីសម្រិតសម្រាំងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗដើម្បីត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងរៀបចំពីថ្ងៃទី១០-១៩ ខែធ្នូ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី៕

កម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦

2026/03/12 05:27:02 pm        259
នៅពាក់កណ្ដាលឆ្នាំ២០២៦នេះ ព្រះរាជាណាចក្រកម្ពុជា នឹង​ធ្វើជាម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ហ្វ្រី​ស្តាយល៍ ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីរកកៅ​អី​ទៅ​កាន់​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០២៦។ នេះបើ​យោង​តាម​ការ​ផ្សព្វ​តាម​ផេក​ហ្វេស​ប៊ុកផ្លូវ​ការរបស់​សមាគម​បាល់​ទាត់​ហ្វ្រី​ស្តាយស៍​ពិភពលោក (World of Freelstyle Football)។ប្រភពដដែលបានបញ្ជាក់ថាអ្នកលេងបាល់ទាត់ហ្វ្រីស្តាយល៍ជាច្រើនរូបមកពីទូទាំងតំបន់អាស៊ី ប៉ាស៊ីហ្វិក នឹងមកកាន់ព្រះរាជជាណាចក្រកម្ពុជាដើម្បីប្រកួតប្រជែងបាល់ទាត់បែបសិល្បៈនេះ នៅ​ថ្ងៃ​ទី៦ និងទី៧ ខែមិថុនា ឆ្នាំ០២៦ នៅ King’s School, Vattanacville រាជធានីភ្នំពេញ។ព្រឹត្តិការណ៍នេះ នឹងប្រកួតប្រជែងលើវិញ្ញាសា 1x1 Battle បុរស និងនារី ដោយ​បើក​ទូលាយ​សម្រាប់​អ្នក​លេងបាល់ទាត់ហ្វ្រីស្តាយល៍ទាំងអស់មកពីអាស៊ី ប៉ាស៊ីហ្វិក ហើយត្រូវជ្រើស​យក​កីឡាករ​ ៣រូប និងកីឡាការិនី២រូបល្អបំផុត តំណាងតំបន់ទៅ​ចូល​រួម​ប្រកួត​ជុំ​ចុង​ក្រោយ​ជើង​ឯកពិ​ភព​លោក​។ការចុះឈ្មោះចូលរួមប្រកួត បានចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី១១ ខែមីនា និងបញ្ចប់​នៅថ្ងៃ​ទី៣​០ ​ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ៕

Kyle Walker ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេស

2026/03/12 05:22:42 pm        155
ខ្សែការពារជើងចាស់ Kyle Walker បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេសហើយ។ កីឡាករវ័យ ៣៥ ឆ្នាំបច្ចុប្បន្នកំពុងប្រកបអាជីពនៅ​ Burnley រូបនេះបានសម្រេចចិត្តបែបនេះ បន្ទាប់ពីបង្ហាញខ្លួនសរុប ៩៦ លើកជាមួយក្រុមជម្រើសជាតិ មានមុខនៅព្រឹត្តិការណ៍ធំៗចំនួន ៥។ Kyle Walker បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេសចុងក្រោយបំផុតពេលជួបសេណេហ្កាល់នៅកីឡដ្ឋាន City Ground កាលពីខែមិថុនាឆ្នាំ​ ២០២៥។ អតីតខ្សែការពារ Manchester City រូបនេះ ត្រូវបានកោះហៅ និងបង្ហាញខ្លួនដំបូងឱ្យក្រុមអង់គ្លេសនៅខែវិច្ឆិកាឆ្នាំ ២០១១ ពេលជួបទល់នឹងអេស្ប៉ាញ។ Kyle Walker ជាសមាជិករបស់អង់គ្លេសបង្ហាញខ្លួននៅ World Cup ២០១៨ ២០២២ និងជើងឯកអឺរ៉ុបបីលើកនៅឆ្នាំ ២០១៦ ២០២១ និង ២០២៤។ Walker គឺជាកីឡាករសំខាន់របស់អង់គ្លេសពេលក្រោមការដឹកនាំរបស់ Gareth Southgate ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ Euro ពីរលើកឆ្នាំ ២០២១ និង ២០២៤៕ អត្ថបទ៖នាង សុភាវុធ

វិសាខា យកឈ្នះណាហ្គាវើលដ៏ ៤-០ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន

2026/03/12 05:09:09 pm        127
អតីតក្រុមជើងឯក ៣សម័យជាប់គ្នា វិសាខា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី នៃ​ពាន​រង្វាន់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ក្រោ​យ​យក​ឈ្នះក្រុមណាហ្គាវើលដ៏ រហូតដល់ ៤-០ ក្នុងជំនួបជើងទី២ ផ្ទុយពីកាលពីជើងទី១ ដែល​ក្រុម​ទាំង​ពីរ​ស្មើគ្នា ២-២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។សម្រាប់​ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានវិសាខា ក្រុមម្ចាស់ផ្ទះ បានព្យាយាមដាក់សម្ពាធ តាំង​ពី​ដើម​វគ្គ​ តែបានអូសបន្លាយរហូតដល់ចុងវគ្គទី១ ទើបកីឡាករ Pavle Ivelja រកបាន ២គ្រាប់ម្នាក់ឯង នៅ​នាទី៤១ និងនាទី៤៥+២ មុនខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរូបនេះ បន្ថែមគ្រាប់ទី៣ ដែល​ជា​គ្រាប់ ​Hat-Trick នៅនាទី៥១។ រីឯណាហ្គាវើលដ៏ មិនអាចរកគ្រាប់បាល់បានឡើយ មុនសល់គ្នាត្រឹម ១០​នាក់​នៅចុងម៉ោង បន្ទាប់ពីអ្នកចាំទី រ៉េត លីហេង រងពិន័យកាតក្រហម នៅនាទី៨០ ដែល​បង្ក​ឱកាស​ឲ្យ​វិសាខា បន្ថែម ១គ្រាប់ទៀត ដោយកីឡាករ ស រតនា នៅនាទី៩០+១ ដើម្បីធានា​កៅ​អីវគ្គ​បន្ដ​តែម្ដង។សរុបទាំង ២ជើង វិសាខា បានយកឈ្នះក្រុមណាហ្គាវើលដ៏ ៦-២ ដែលនាំឲ្យក្រុមលេខ៤ ឆ្នាំ​ចាស់​នេះ ​បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយឈរចាំក្រុមឈ្នះ រវាងភ្នំពេញក្រោន និង​ ISI​ ដង្កោសែនជ័យ ដែលគ្រោងប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី១៨ ខែមីនាខាងមុខ នៅ​កីឡដ្ឋាន​ភ្នំពេញ​ក្រោន ​បន្ទាប់ពីក្រុមទាំងពីរ ប្រកួតស្មើគ្នា ២-២ កាលពីជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅ​ទឹ​កដីក្រុមដំរីជ័យ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយច្បាប់មនុស្សធម៌ និងការប្រើប្រាស់បដិរូបដល់អ្នកសារព័ត៌មាន
10/28/2026 08:10 PM
កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី
10/28/2026 07:10 PM
ACUរកឃើញឯកសារមិនប្រក្រតីចំនួន១១ករណីក្នុងដំណាក់កាលដាក់ពាក្យប្រឡងជ្រើសរើសមេធាវីជំនាន់ទី២១
10/28/2026 07:10 PM
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មអត្តសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.
10/28/2026 07:10 PM
លោក Netanyahu ត្រូវបាន​រំពឹង​​ថា មាន​ ៥៤អាសនៈ ខណៈ​​​គូប្រជែង​ ៤៩អាសនៈ ក្រោយ​សន្លឹកឆ្នោត​រាប់​បាន​ ៨៤%
10/28/2026 07:10 PM
រុស្ស៊ី និងអ៊ុយក្រែន បញ្ជាក់ថា គ្មានការរំលោភបទឈប់បាញ់ នៅទីក្រុង Oleshky របស់អ៊ុយក្រែន​ឡើយ
10/28/2026 07:10 PM
លោក Trump បញ្ជាក់​ថា កិច្ចប្រជុំជាមួយ​លោក Zelenskyy និងលោក Putin នឹងត្រូវរៀបចំឡើងឆាប់ៗ
10/28/2026 06:10 PM
លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
10/28/2026 06:10 PM
[BREAKING NEWS] មនុស្សយ៉ាងហោច ៤៦នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅអេស្ប៉ាញ
10/28/2026 06:10 PM
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបប្រជុំក្រៅផ្លូវការ ពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួម GBC
10/28/2026 06:10 PM