លោក កឹម សុខា ផ្តល់​ថវិកា​ ១០​លាន​រៀល និង​សម្ភារៈ​បង្ការ​កូ​វីដ​១៩​មួយ​ចំនួន​ទៀត ​ដល់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន

631

ប៉ៃលិន៖ លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​នេះ នាំ​យក​ថវិកា ១០​លាន​រៀល និង​សម្ភារ​បង្ការ​ជំងឺ​កូ​វីដ​១៩​មួយចំនួនទៀត ប្រគល់ជូន​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ដើម្បី​ប្រគល់​ជូន​ពលករ​ខ្មែរ ដែល​មកពី​ប្រទេស​ថៃ ហើយ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​នេះ​។​

តាមរយៈ​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន លោក កឹម សុខា បាន លើកឡើងថា «​ទោះបី​ខ្ញុំ​មិនទាន់មាន​សិទ្ធិ​សេរីភាព​ពេញលេញ ជាពិសេស​ការ​ជាប់​បម្រាម មិនអាច​ធ្វើ​សកម្មភាព​នយោបាយ​បាន​ក៏ដោយ ក៏​ខ្ញុំ​តែង​តែមាន​មនោសញ្ចេតនា នឹករលឹក​ខ្វល់ខ្វាយ ចង់​ចូលរួម​បម្រើ​ប្រទេសជាតិ និង​បងប្អូន​ជនរួមជាតិ​ខ្មែរ តាម​លទ្ធភាព​នូវ​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​»​។​

លោក​បាន​បន្តទៀតថា ក្នុង​សប្តាហ៍​នេះ លោក​បាន​ធ្វើ​ដំណើរ​មក​សួរសុខទុក្ខ និង​នាំយក​នូវ​ជំនួយ​មនុស្សធម៌​មួយ​ចំនួន​មក​ជូន​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​បាន និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ក្នុង​ខេត្ត​ខ្លះ​ដែល​ជាប់​នឹង​ប្រទេស​ថៃ​។​

លោក​បញ្ជាក់​បន្ថែម​ថា សម្រាប់​រសៀល​ថ្ងៃ​ពុធ​នេះ លោក​និង​សហការី​បាន​យក​ជំនួយ​មនុស្សធម៌ ជា​ថវិកា​ចំនួន​ដប់​លាន​រៀល​(១០ ០០០ ០០០៛)​ ដែល​បាន​មកពី​សប្បុរសជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក និង​សម្ភារៈ​ការពារ​មេរោគ​ឆ្លង មាន​ម៉ាស់ និង​សាប៊ូ​លាង​សម្អាត​កម្ចាត់​មេរោគ​មួយ​ចំនួន ​ដែល​បានមកពី​សប្បុរសជន​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី និង​ក្នុង​ប្រទេស​កម្ពុជា ទៅជូន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​មណ្ឌល​ផ្ទះសំណាក់​ភ្នំ​យ៉ា​ត ខេត្ត​ប៉ៃលិន​៕​