បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានឡើងកំពូលតារាងក្របខណ្ឌ English Premier League លើកដំបូងរដូវកាលនេះ បន្ទាប់ពីជ័យជំនះនៅទឹកដី Burnley ១–០ យប់មិញដោយ ១គ្រាប់របស់ Paul Pogba។
Manchester United គ្រប់គ្រងការប្រកួតស្ទើទាំងស្រុង ខណៈក្រុមម្ចាស់ផ្ទះរកគ្រាប់ស៊ុតមិនចំគោលដៅសូម្បីមួយលើក។ តែការគ្រប់គ្រងបាល់ច្រើន ឱកាសស៊ុតចំគោលដៅដល់ទៅ ៨លើករបស់ក្រុមភ្ញៀវ Manchester United គ្រាប់បានផលត្រូវរង់ចាំដល់នាទីទី៧១ នៅពេលខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford បញ្ជូនខ្សែបំរើបារាំង Paul Pogba ស៊ុតវ៉ូឡេបញ្ចូលទីអោយ Manchester United យកឈ្នះនៅផ្ទះ Burnely ១–០ នេះ។
បីពិន្ទុនេះធ្វើអោយ Manchester United ឡើងឈរកំពូលតារាងដាច់ក្រុមលេខ២ Liverpool ៣ពិន្ទុ។ នេះជាលើកដំបូងហើយដែល Manchester United ឡើងឈរកំពូលតារាង English Premier League ចាប់តាំងពីការចាកចេញរបស់ Sir Alex Ferguson នៅឆ្នាំ២០១២–២០១៣៕
អត្ថបទ៖នាង សុភាវុធ