បាល់ទាត់៖ ព្រឹកនេះក្លិបវិសាខាបានបង្ហាញកីឡាករបរទេសថ្មី ដែលជាខ្សែប្រយុទ្ធជម្រើសជាតិកាណាដា វ័យ ៣២ឆ្នាំ Marcus Haber មកពង្រឹងក្រុមត្រៀមសម្រាប់ការប្រកួត កីឡាបាល់ទាត់ជម្រើសជើងឯកជាតិកម្ពុជា (មិត្តហ្វូនខាំបូឌាលីគ ២០២១)។
មុនផ្ទេរមកកាន់ទឹកដីកម្ពុជា ខ្សែប្រយុទ្ធរូបនេះលេងឱ្យក្លិប Calvary FC ដែលលេងនៅលីគកំពូលប្រទេសកាណាដា។ Haber បានចាប់ផ្តើមបាល់ទាត់ដំបូងជាមួយក្លិប Vancouver Selects ដោយលេង ៤ឆ្នាំក្នុងក្រុមយុវជន។ នៅឆ្នាំ២០០៦ កីឡាកររូបនេះទៅលេងឱ្យក្លិប FC Groningen ក្នុងលីគកំពូលហូឡង់ជាកីឡាករយុវជន ហើយបានចំណាយពេល ២ឆ្នាំក្នុងក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ។ បន្ទាប់មក Haber បានផ្ទេរទៅកាន់ទឹកដីកាណាដាលេងឱ្យក្លិប Vancouver Whitecaps នៅខែកុម្ភៈ ឆ្នាំ២០០៩។ ឆ្នាំ២០១០ កីឡាករកម្ពស់ ១ម៉ែត្រ៩២នេះផ្ទេរទៅកាន់ទឹកដីអង់គ្លេសជាមួយក្លិប West Bromwich Albion ដែលកាលនោះលេងក្នុងលីគលំដាប់ទី២ អង់គ្លេស (The Championshiop)។
ក្រោយមកទៀតផ្ទេរទៅកាន់ក្លិប Exeter City លីគលំដាប់ទី៣ អង់គ្លេស (League One) មុនខ្ចីជើងទៅលេងឱ្យ Vancouver Whitecaps វិញ។ យ៉ាងណាក៏ដោយមុនមកដល់ក្លិប Calvary FC ជាទីដែលគេរកបាន ២គ្រាប់ក្នុងការបង្ហាញខ្លួន ៩ដង និងវិសាខានៅកម្ពុជា គេចំណាយពេលជាមួយក្លិប ៨ផ្សេងទៀតនៅអឺរ៉ុប និងអាមេរិក។ លើសពីនេះ Marcus Haber ធ្លាប់លេងឱ្យជម្រើសជាតិកាណាដាគ្រប់កម្រិតអាយុ ដូចជាយុវជនអាយុក្រោម ១៦ឆ្នាំ, អាយុក្រោម ១៧ឆ្នាំ, អាយុក្រោម ២០ឆ្នាំ, អាយុក្រោម ២៣ឆ្នាំ និងជម្រើសជាតិ៕
អត្ថបទ៖ គង់ ហួន