ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះករណីជំងឺផ្តាសាយបក្សី លើសត្វមាន់ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីដើមសប្តាហ៍នេះ ប្រជាពលរដ្ឋ និងអាជីវករលក់សាច់មាន់ បានសម្តែងការព្រួយបារម្ភ។ អាជីវករលក់សាច់មាន់ បានអះអាងថា ការទិញសាច់មាន់ គឺមានប្រភពច្បាស់លាស់ មានការបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរសុខភាពសត្វ។
អាជីវករលក់សាច់មាន់ នៅផ្សារច្បារអំពៅ នៅព្រឹកថ្ងៃទី១៣ មករា ឆ្នាំ២០២១នេះ បានលើកឡើងថា មានការព្រួយបារម្ភជុំវិញ ការផ្ទុះឆ្លងជំងឺផ្ដាសាយបក្សី លើសត្វមាន់ក្នុងស្រុក ដោយលើកឡើងថា ការទិញសាច់មាន់យកមកលក់លើទីផ្សារ គឺមានប្រភពច្បាស់លាស់ និងមានការបញ្ជាក់សុខភាពសត្វ ពីអាជ្ញាធរ។
ចំណែក អ្នកទិញសាច់មាន់បរិភោគវិញ ក៏លើកឡើងស្រដៀងគ្នា ដោយបញ្ជាក់ថា បានពិនិត្យច្បាស់លាស់ សួរនាំត្រឹមត្រូវ ទៅអ្នកលក់សាច់មាន់តាមផ្សារ ពីប្រភពសាច់មាន់ មុននឹងទិញ ដើម្បីជៀសវាង ទិសសាច់មាន់ មានជំងឺ ដែលមិនមានប្រភពច្បាស់លាស់។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសបន្ទាន់អំពីការកំណត់តំបន់ផ្ទុះនៃជំងឺផ្តាសាយបក្សី ហៅកាត់ H5N1នេះ ដែលមាន មាន់ ទា ជិត២ពាន់ក្បាលបានងាប់ ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ បន្តបរិភោគសាច់មាន់ ខណៈស្ថានការទប់ស្កាត់រីករាលដាលជំងឺផ្តាសាយបក្សីស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន។
ក្រសួង បានអំពាវនាវដល់កសិករចិញ្ចឹមសត្វ និងម្ចាស់កសិដ្ឋានទាំងអស់ត្រូវអនុវត្តវិធានការអនាម័យជាប្រចាំ រួមមានការបាញ់សម្លាញ់មេរោគនៅក្នុងទីតាំងចិញ្ចឹម ឬ កសិដ្ឋាននោះចំនួន២ដងរៀងរាល់មួយសប្តាហ៍ ដើម្បីបង្ការមេរោគផ្សេងៗ ក្នុងនោះ ម្ចាស់កសិដ្ឋាន ត្រូវចូលរួមការទប់ស្កាត់ ឬមិនត្រូវអនុញ្ញាតបុគ្គលដែលធ្លាប់ទៅទីតាំងដែលមានសត្វឈឺនោះចូលកសិដ្ឋានរបស់ខ្លួនឡើយ ដើម្បីបង្ការការចម្លងជំងឺផ្តាសាយបក្សីទៅតំបន់ផ្សេងទៀតផងដែរ៕
អត្ថបទ ៖ ឈិត បូរ៉ាវី