ទីបំផុត F1 សំរេច​លើក​ការប្រកួត​បើក​រដូវ​កាល​នៅ​អូស្ត្រាលី និង​ចិន

45
ទីលានប្រណាំងរថយន្ត F1 នៅ​ប្រទេស​អូស្ត្រាលី

ប្រណាំង​រថយន្ត៖ ​ទីបំផុត F1 បាន​សំរេច​លើក​ពេល​ការប្រកួត​បើក​រដូវ​កាល ២០២១ នេះ​នៅ​អូស្ត្រាលី និង​ចិន​ដោយសារតែ​វិបត្តិ Covid-19​។ ​អូស្ត្រាលី និង​ចិន ជាទី​លាន​ទី១ និង​ទី៣ រដូវ​កាល ២០២១ នេះ មានន័យថា បើក​រដូវ​កាល ២០២១ នេះ​នឹង​ចាប់ផ្តើម​នៅ​ទឹកដី​បា​រ៉ែ​ន​វិញ​ចន្លោះ​ថ្ងៃ​ទី២៦ ដល់ ២៨ ខែ​មិនា​។

ទីលានប្រណាំងរថយន្ត F1 នៅ​ប្រទេស​ចិន

​​អូស្ត្រាលី និង​ចិនមិន​ខុសគ្នា​ទេ ប្រទេស​ទាំងពីរ​មានការ​រឹត​បន្តឹង​អ្នកដំណើរ​បរទេស ​ក្នុង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ Covid-19​។ ​ការប្រកួត​នៅ​អូស្ត្រាលី​ ក្នុង​កាលវិភាគ​ត្រូវធ្វើឡើង​នៅ​ថ្ងៃទី១៩ ដល់ ២១ ខែមិនា​នោះត្រូវ​ផ្លាស់​ទៅ​ថ្ងៃទី១៩ ដល់ ២១ ខែវិច្ឆិកា​វិញ ខណៈ F1 នឹង​ពិភាក្សា​ជាមួយ​ចិន​ដើម្បី​កាលបរិច្ឆេទ​ថ្មី​។ ​ជាមួយគ្នា​នោះដែរ ទីលាន​ទី២ ក្នុង​រដូវ​កាល​នេះ​បន្ទាប់ពី​បា​រ៉ែ​ន នឹង​បន្តដំណើរ​ទៅ​ប្រទេស​អ៊ីតាលី​ទីលាន Imola ​ចន្លោះ​ថ្ងៃទី១៦១៨ ខែមេសា​។ ទីលាន​ទី៣ រដូវ​កាល​នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២ ខែឧសភា តែ​មិនទាន់​ការបញ្ជាក់​នៅឡើយ​ពី​ទីលាន​នៅ Portimao​ ប្រទេស​ព័រទុយហ្កាល់​។ ​ដោយមាន​ការប្រែប្រួល​ពី​ភាគី​អូស្ត្រាលី និង​ចិន កាលវិភាគ​ផ្សេងទៀត​ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ដូចគ្នា​៕

អត្ថបទ​៖​នាង សុភា​វុ​ធ