អាមេរិក៖ ប្រធានសភាពអាមេរិក លោកស្រី Nancy Pelosi ទើបតែដាក់ផែនការសម្រាប់គណបក្សរបស់លោកស្រី ក្នុងការដកលោកប្រធានាធិបតី Trump ចេញពីតំណែង ហើយដំណើរនេះកំពុងប្រព្រឹត្តទៅយ៉ាងលឿន ដោយមានពេលវេលាកំណត់ ២៤ម៉ោងសម្រាប់លោកអនុប្រធានាធិបតី Mike Pence ក្នុងការចាត់វិធានការ។
លោកស្រី Pelosi បានផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃអាទិត្យ ទៅកាន់ក្រុមប្រជាធិបតេយ្យរបស់លោកស្រី ហើយបាននិយាយកាលពីថ្ងៃច័ន្ទថា មេដឹកនាំសំឡេងភាគច្រើនក្នុងសភាតំណាងលោក Steny Hoyer នឹងស្នើសុំការយល់ព្រមជាឯកច្ឆន្ទលើសេចក្ដីសម្រេចមួយ ដែលទាមទារឲ្យលោក Pence កោះប្រជុំសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត និងប្រើប្រាស់វិសោធនកម្មលើកទី២៥ លើលោក Trump ដែលនឹងដកលោកចេញពីតំណែង និងតែងតាំងលោក Pence ជាប្រធានាធិបតីស្ដីទី។ ប្រធានសភាលោកស្រី Pelosi បាននិយាយថា ប្រសិនបើពួកគេជួបឧបសគ្គណាមួយ ក្នុងការទទួលបានការយល់ព្រមជាឯកច្ឆន្ទនោះ ពួកគេនឹងត្រូវរៀបចំការបោះឆ្នោតមួយនៅល្ងាចថ្ងៃអង្គារ លោកស្រី Pelosi ក៏និយាយដូច្នេះដែរថា “យើងកំពុងអំពាវនាវឲ្យលោកអនុប្រធាន ឆ្លើយតបក្នុងរយៈពេល ២៤ម៉ោង”។ លោកស្រី Nancy Pelosi បានសរសេរលិខិតទៅកាន់លោក Mike Pence ដោយកំណត់រយៈពេល ២៤ម៉ោងសម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២៥ បើពុំនោះទេ យើងនឹងធ្វើដោយខ្លួនឯង !!!៕
អត្ថបទ៖ សុខមាន