មនុស្ស ១៥​នាក់​ស្លាប់ និង​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស ខណៈ​ទឹក​ជំនន់​កំពុង​ហក់​ឡើង​នៅ​ឥណ្ឌូនេស៊ី​

341

ឥណ្ឌូនេស៊ី៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅឋាន ​ហើយ​មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​ដោយសារ​ទឹកជំនន់​នៅ​លើ​កោះប​នី​អូ (Borneo)​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។

អ្នកនាំពាក្យ​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះ​មហន្តរាយ​ជាតិ​ លោក ​Raditya Jati​ បាន​និយាយ​ថា​ ទឹកជំនន់​ដែល​បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​ ធ្វើ​ឲ្យ​កម្ពស់​ទឹក​ហក់​ឡើង​ដល់ ៣​ម៉ែត្រ​។​ គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​ មនុស្ស​ចំនួន ៣៩.៥៤៩នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ​ហើយ​យ៉ាង​ហោច​ណាស់ ១៥​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​ដោយសារ​ទឹកជំនន់ ​ដែល​បាន​ប៉ះពាល់​ដល់​ស្រុក ​និង​ក្រុង​ចំនួន ១០ នៅ​ខេត្ត​កាលី​ម៉ាន​តាន​ខាងត្បូង​ នៅ​កោះ​ប​នី​អូ​។​ ដោយ​ឡែក​មនុស្ស ៥​នាក់​បាន​ស្លាប់​ និង ៥០០​នាក់​ផ្សេងទៀត​ត្រូវ​បាន​ជម្លៀស​ចេញ​ បន្ទាប់ពី​ទឹកជំនន់ ​និង​បំណាក់​ដី​នៅ​ទីក្រុង​ម៉ា​ណា​ឌូ ក្នុង​ខេត្ត​ស៊ូ​ឡា​វ៉េ​ស៊ី​ខាងជើងកាលពី​ថ្ងៃ​សៅរ៍​។ មនុស្ស​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​។

ភ្លៀង​រដូវវស្សា​ និង​ជំនោរ​ទឹក​ឡើង​ខ្ពស់​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ បាន​បង្ក​ឲ្យ​មាន​បំណាក់​ដី ​និង​ទឹក​ជំនន់​រាប់​សិប​កន្លែង​នៅ​ទូទាំង​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ជា​បណ្ដាញ​កោះ​ចំនួន ១៧.០០០ ជាទី​ដែល​មាន​ប្រជាជន​រាប់​លាន​នាក់​រស់នៅ​តំបន់​ភ្នំ ​ឬ​នៅ​ក្បែរ​តំបន់​ទំនាប​ទឹកជំនន់​ដ៏​មាន​ជីជាតិ​នៅ​ជិត​ទន្លេ​។​ ​ក្រៅពី​ទឹកជំនន់​ភ្នំភ្លើងសេ​មេ​រ៉ូរបស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​ព្រួស​កម្ទេច​ផេះ​ក្ដៅ​ចម្ងាយ​ ៤,៥​គីឡូម៉ែត្រ​កាលពី​សៅរ៍​។​ ភ្នំ​ដែល​មាន​កម្ពស់ ​៣,៦៧៦​ម៉ែត្រគឺជា​ភ្នំភ្លើង​ខ្ពស់​បំផុត​នៅ​លើ​កោះ​ជ្វា ដែល​មាន​ប្រជាជន​ច្រើន​បំផុត​របស់​ប្រទេស​ឥណ្ឌូនេស៊ី​៕

អត្ថបទ៖ សុខ​មាន