ទឹកជំនន់​ទន្លេ ​មិនទាន់​បង្ក​ប៉ះពាល់​ដល់​បណ្តា​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ ខេត្តកណ្តាល​នោះ​ទេ​

407

កណ្ដាល ​៖ បើ​តាម​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម ខេ​ត្តកណ្តាល ​បានឲ្យ​ដឹងថា ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកទន្លេ​មេគង្គ​មិនទាន់​បង្ក​ការ​ប៉ះពាល់​ផ្ទះសំបែង ​និង​ដំណាំ​ចំការ​របស់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​នោះទេ​ ហើយ​នៅ​ពេលនេះ​ទៀត ​ដីស្រែ​ចំការ​មួយ​ចំនួន​ដែល​ត្រូវការ​ទឹក​ហូរ​ពន្លិច គឺ​មិនទាន់​បាន​លិច​នោះទេ​។

បើតាម​លោក យ៉ាវ ម៉េង​សែ មន្ត្រី​តាមដាន​កម្ពស់​ទឹកទន្លេ នៃ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម ខេត្ត​កណ្តាល បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី ១៧ ​ខែតុលា​នេះ​ថា ​នៅពេលនេះ ​បើ​ទោះ​ខេត្ត​ចំនួន​១៦ បាន​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ផង​ និង​ទឹកជំនន់​ទន្លេមេគង្គ​ ក៏​យើង​សង្កេត​ឃើញថា កម្ពស់​ទន្លេ​ទឹកទន្លេ​មេគង្គ និង​ទន្លេបាសាក់ ​មិនទាន់បាន​ហក់​ឡើង​ក្នុង​ខ្ពស់ ធ្វើអោយ​យើង​មានការ​ព្រួយបារម្ភ​ឡើយ​។

លោក យ៉ាវ ម៉េង​សែ ថ្លែងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ​ កំពស់​ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ​អ្នក​លឿង​មាន​កំពស់​៤.៩៧​ម៉ែត្រ កម្ពស់​ទឹក​នៅ​ព្រឹក​ព្រែក​ក្តាម​មាន​៥.៨៣​ម៉ែត្រ ​កំពស់​ទឹក​ចតុមុខ ៦.៨៣​ម៉ែត្រ និង​កម្ពស់​ទឹក​ស្ថានីយ​កោះ​ខែល​ មាន​កំពស់​៦.១៩​ម៉ែត្រ ខណៈដែល​កម្ពស់​ប្រកាសអាសន្ន ​គឺមាន​កំពស់​ចាប់ពី​៧.៤០​ម៉ែត្រ រហូតដល់​១០.៥០​ម៉ែត្រ។

លោក បន្តថា តាមរយៈ​កម្ពស់​នៅក្នុង​កម្រិត​នេះ គឺ​បាន​ធ្វើអោយ​ដីស្រែ​ចំការ​ដែល​បាន​ប្រមូល​ផល​ហើយ​ នៅក្នុង​ផ្នែក​ខាងក្រោម គឺ​កំពុង​ត្រូវការ​ទឹក​ច្រើន​ ដើម្បី​ពន្លិច​ដីស្រែ​ចំការ​របស់គេ​។

បើតាម​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម ខេត្តកណ្តាល បាន​ថ្លែងថា ​នៅពេលនេះ ​មាន​បណ្តា​ព្រែក​មួយចំនួន​នៅក្នុង​ស្រុក​កោះធំ គឺ​ទើបតែ​មាន​ទឹក​ហូរ​ចូល​ ហើយ​ការ​មាន​ទឹក​តិចតួច​ហូរ​ដីស្រែ​នេះ ​វា​បង្ក​អោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពិបាកធ្វើ​ស្រែចំការ​៕

អត្ថបទ ៖ ស៊ុម សុខ​ជា